(ភ្នំពេញ)៖ ខណៈដែលរឿងរ៉ាវស្នេហាត្រីកោណ រហូតឈានដល់ចតុកោណ របស់គ្រួសារចាងហ្វាងផលិតកម្ម LD គឺលោក លៀក លីដា កំពុងតែឡើងកំដៅក្ដៅដល់កំរិតខ្ពស់មួយដោយម្នាក់ៗប្រកាន់យកត្រូវរៀងៗខ្លួន និងបានបើកកកាយកេរ្តិ៍អាស្រូវគ្នាទៅវិញទៅមក ធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងនោះ នៅពេលនេះអតីតភរិយាលោក លៀក លីដា​ គឺអ្នកនាង Panhchaka june បានទម្លាយសារថា នាងពិតជាស្រឡាញ់​ តារាសម្ដែងលោក អេតវីន ខ្លាំង ស្ទើរតែបែកគ្នាមួយថ្ងៃមិនបាន។

ជាការពិត ជម្លោះរវាងតារាសម្តែង សាឡាត់ ស្រីឡាង និងអតីតប្រពន្ធថៅកែផលិតកម្ម LD ដែលមានឈ្មោះហ្វេសប៊ុកថា Panhchaka june កាន់តែក្តៅគគុក រហូតដល់លោក លៀក លីដា បានបើកសន្និសីទកាសែតធំមួយ ​បំភ្លឺរឿងស្រីស្អាតទាំង២ ឲ្យមហាជនបានដឹង ដោយលោកចង់ឲ្យអ្នកកាន់ជើង អតីតភរិយាលោកដឹងដែរថា សង្សារថ្មីជាតារាសម្តែង លោក អែតវីន ដែលអតីតភរិយាលោកមានទំនាក់ទំនង​ជាមួយនោះ បច្ចុប្បន្ននេះ ក៏ជាប្រពន្ធចុងគេដែរ ពោលគឺលោក អែនវីន មានភរិយានិងកូនរួចទៅហើយ​។

ងាកមកចាប់អារម្មណ៍នឹងអ្នកនាង Panhchaka june ឯណេះវិញ បាននិយាយផ្តាំទៅ សាឡាត់ ស្រីឡាង ថា រវាងនាង និងអេតវីន គឺស្រឡាញ់គ្នាខ្លាំងណាស់ រហូតបែកគ្នា១វិនាទីមិនបាន ហើយពេលនេះ នាងកំពុងតែសន្សំលុយរៀបការ ជាមួយប្រុសសង្ហានោះទៀតផង។ អ្នកនាង Panhchaka june បានអះអាងថា «ខ្ញុំស្រឡាញ់គាត់ (Edwin) ស្ទើរបែកគ្នាមួយថ្ងៃមិនបាន ពួកខ្ញុំខំរកលុយរៀងៗខ្លួន ដើម្បីរៀបការ»

តាមរយៈការអះអាង របស់អតីតប្រពន្ធថៅកែ LD នេះបញ្ជាក់ថា ចំណងស្នេហ៍លោក អេតវីន និងអ្នកនាង Panhchaka june ពិតជាឈានទៅរកជីវិតអាពាហ៍ពិពាហ៍មែន ព្រោះតែមុននេះពួកគេបង្ហាញស្នេហ៍ស្មោះជាចំហ ដោយបណ្តើរគ្នាទៅធ្វើបុណ្យ និងចូលរួមកម្មវិធីនានា នាពេលកន្លងមកនេះទៀតផង។ ដោយឡែក សាឡាត់ ស្រីឡាង វិញ ក៏មិននៅស្ងៀមដែរ ព្រោះនាងបានបង្ហោះរូបកៀកកើយជាមួយ លោក លៀក លីដា ដើម្បីឲ្យអតីតប្រពន្ធថៅកែរូបនេះ បានឃើញវិញដែរ។

គួរបញ្ជាក់ថា តារាសម្តែងលោក យឹត មាសឧស្សាហ៍ ហៅ Edwin បានឡើងកូដ នៅរយៈពេលចុងក្រោយនេះ ព្រោះឆក់បានតំណែងតួឯកក្នុងភាពយន្តធំៗ និងជាពិធីកររបស់ប៉ុស្តិ៍ទូរទស្សន៍ PNN ​។ ប៉ុន្តែប្រុសសង្ហារូបនេះ បែរជាមិនអាចគេចផុតពីអន្លង់ស្នេហ៍ អ្នកមេម៉ាយកូន២ ដែលជាអតីតប្រពន្ធថៅកែផលិតកម្ម ​LD បានឡើយ ហើយកន្លងមកពួកគេ ធ្លាប់ធ្លាយរូបឱបថើបគ្នា​យ៉ាងស្អិតល្មួត ធ្វើឲ្យអ្នករស់នៅក្នុង និងក្រៅសិល្បៈ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង៕