(ភ្នំពេញ)៖ រឿង «កាកី» ដែលជាប្រភេទភាពយន្ត និយាយពីស្នេហាផិតក្បត់ លាយឡំនឹងអភីនិហារ ដែលត្រូវបានផលិតតាំងពីសម័យសង្គមរាស្ត្រនិយមនោះ ត្រូវបានយកមកដាក់បញ្ចាំងជាថ្មី ក្នុងកម្មពិធី បិទកម្មវិធីមួយម៉ឺនអាល័យ លើកទី៥ ដែលរៀបចំដោយ ក្រុមព្រះសុរិយា។ តាមរយៈការដាក់បញ្ចាំងភាពយន្តខ្មែរជំនាន់ដើម ក្នុងស្មារតីដើម្បីរក្សាស្នាដៃកវីជំនាន់មុនពេលនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។

ជាការកត់សម្គាល់ ទោះបីកម្មវិធីខាងលើ បានបញ្ចប់ទៅហើយក្តី តែមហាជនបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ចំពោះក្រុមព្រះសុរិយា ដែលបានរៀបចំកម្មវិធី «មួយម៉ឺនអាល័យ» នេះឡើង ជាពិសេសគឺបានលើកយកស្នាដៃជំនាន់មុន គឺរឿង «កាកី» មកចាក់បញ្ចាំងឡើងវិញ ដើម្បីឲ្យយុវជនជំនាន់ក្រោយបានឃើញពីស្នាដៃសិល្បករជំនាន់ដើម។ ក្នុងឆ្នាំ២០១៩ ជាលើកទី៥ហើយ ដែលកម្មវិធី «មួយម៉ឺនអាល័យ» បានរៀបចំឡើង ដោយមានលោកជំទាវ ម៉ែន សំអន។

ក្នុងកម្មពិធី បិទកម្មវិធីមួយម៉ឺនអាល័យ លើកទី៥ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) លោកជំទាវ ម៉ែន សំអន បានថ្លែងនូវការកោតសសើរដល់ ក្រុមព្រះសុរិយា ដែលបានរៀបចំបង្កើតឲ្យមានកម្មវិធីមួយម៉ឺនអាល័យនេះឡើង និងបានខិតខំស្រាវជ្រាវនូវវណ្ណកម្មផ្នែកសោតទស្ស និងស្នាដៃនិពន្ធចាស់ៗ ដែលបានកប់បាត់ពីអតីកាល និងបានចងក្រឡើងវិញតាមទម្រង់ដើម ហើយដាក់បញ្ជាំងជូនទស្សនិកជនបានទស្សនា។

លោកជំទាវបានបន្តទៀតថា ពីឆ្នាំ១៩៤៩ ដល់ ឆ្នាំ១៩៧៥ គឺជាសម័យកាលមាស នៃការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យ ភាពយន្ត ខ្មែរ ដែលពេលនោះ ខ្សែភាពយន្ត មួយចំនួនធំបានបង្ហាញខ្លួន និងមានឥទ្ធិពលនៅលើទីផ្សារ ភាពយន្ត តំបន់ និងអន្តរជាតិជាហូហែរ។ វិស័យភាពយន្តខ្មែរបានចាប់កំណើតឡើង ដោយគំនិតផ្តួចផ្តើម របស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលពេលនោះ ព្រះអង្គត្រូវបានប្រសិទ្ធនាមថាជា ព្រះបិតាសិល្បៈភាពយន្តជាតិ នាឆ្នាំ១៩៤៩។ ការរីកចម្រើនជាបន្តបន្ទាប់បានចេញជាផ្លែផ្កាគួរឲ្យកត់សម្គាល់ ដោយភាពយន្តខ្មែរមិនត្រឹមតែទទួលការគាំទ្រពីប្រជាជនខ្លួនឯងនោះទេ សូម្បីតែប្រជាជន នៃជាតិដទៃក៏ទទួល ស្គាល់ និងឱ្យ តម្លៃភាពយន្តទាំងនោះផងដែរ ពិសេសនៅប្រទេសថៃ និងសិង្ហបុរី ដោយសាតែក្នុងទស្សវត្ស៦០-៧០នោះការផលិតខ្សែរភាពយន្តរបស់កម្ពុជា គឺអាចថតបានក្នុងកម្រិត 2k រួចជាស្រេចហើយ ។

បើតាមការស្រាវជ្រាវរបស់ ក្រុមព្រះសុរិយា បានបង្ហាញថា មានវណ្ណកម្មភាពយន្តជាង៥០០រឿង ត្រូវបានផលិតជាហូរហែក្នុងរយៈពេលជាង២០ឆ្នាំ និងបានបញ្ចប់ទាំងស្រុងនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ ប៉ុន្តែ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ វិស័យ ភាពយន្ត កម្ពុជាបានរស់ឡើងវិញ យ៉ាងត្រដាបត្រដួស នៅពេលដែលសង្គ្រាមនៅតែអូសបន្លាយ រហូតដល់មាន នយោបាយ ឈ្នះ-ឈ្នះ នៅឆ្នាំ១៩៩៨ ដែល កម្ពុជាទទួលបានសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យភាពយន្តក៏បានចាប់ផ្តើមរីកចម្រើន ឡើងវិញជាបណ្តើរៗ។

លោកជំទាវក៏បានស្នើឲ្យក្រុមព្រះសុរិយាបន្តក្នុងការសិក្សាស្រាវជ្រាវ អភិរក្ស និងផ្សព្វផ្សាយបន្តបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យផ្នែកសោតទស្ស​របស់កម្ពុជាឲ្យកាន់តែរីចម្រើនបន្ថែមទៀត៕