(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur បន្តមានជំនួបធំដែលត្រូវបានក្រុមមិនទាន់ចាញ់ Liverpool ក្នុង Premier League ចុងសប្តាហ៍នេះ បន្ទាប់ពីបំបាក់ក្រុមភ្ញៀវ FK Crvena Zvezda ក្នុងលទ្ធផល ៥-០ នៃ UEFA Champions League រាត្រីថ្ងៃអង្គារ។

លោក Mauricio Pochettino ត្រូវបន្តដឹកនាំកូនក្រុមធ្វើដំណើរទៅប៉ះហង្សក្រហម Liverpool នៅនារាត្រីម៉ោង ២៣៖៣០នាទី ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ដែលជាការប្រកួតក្នុងសប្តាហ៍ទី១០ នៃ Premier League រដូវកាលឆ្នាំ២០១៩-២០២០ ក្នុងនាមជាក្រុមដែលកំពុងឈរនៅលេខរៀងទី៩ ក្រៅពីឈ្នះ៣ ស្មើ៣ និងចាញ់៣ដូចគ្នា រកបាន ១២ពិន្ទុ ដាច់ឆ្ងាយពីក្រុមកំពូលតារាង Liverpool ដល់ទៅ ១៣ពិន្ទុ។

Tottenham បានកំពុងកាន់កំណត់ត្រាដ៏បំផុតនារដូវកាលនេះ ដោយលេងមិនឈ្នះសោះក្នុងចំណោម ២ប្រកួតចុងក្រោយនៅ PL បន្ទាប់ពីចាញ់ Brighton ៣-០ មុនបន្តមកលេងស្មើ ១-១ ពេលជួប Watford កាលសប្តាហ៍មុន ដោយបានជួបប្រកួតធំ ៣លើកមកហើយ ពោលគឺលេងស្មើ ២-២ ទល់នឹងម្ចាស់ផ្ទះ Manchester City, ស្មើ ២-២ ពេលជួប Arsenal នៅកីឡដ្ឋាន Emirates និងចុងក្រោយចាញ់ម្ចាស់ផ្ទះ Leicester City ២-១ ក្នុងកីឡដ្ឋាន King’s Power។

Tottenham នឹងឡើងទៅឈរនៅលេខរៀងទី៥ របស់កាំភ្លើងធំ Arsenal វិញ ប្រសិនបើអាចយកឈ្នះ Liverpool នៅរាត្រីថ្ងៃអាទិត្យ តែនឹងបន្តឈរនៅទីតាំងលេខ៩ ដដែល ប្រសិនបើលទ្ធផលស្មើគ្នា ឬក៏ចាញ់នោះ៕