(បរទេស)៖ ពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ថ្មីៗនេះទើបតែបញ្ចេញនូវចម្រៀងទោលលើកដំបូង «Lose You To Love Me» ពេលនេះ Selena Gomez បានបញ្ចេញចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា «Look At Her Now» ដែលបង្កប់នូវអត្ថន័យធ្វើឲ្យខ្លួនឯងរឹងមាំ ក្រោកឈរឡើងជាថ្មី ក្រោយឈឺចាប់រឿងស្នេហាច្រើនឆ្នាំមកហើយនោះ។

ភ្ជាប់ជាមួយនឹងការបង្ហោះចម្រៀងថ្មី Selena Gomez បានសរសេរសារថា «I was so excited to release two songs back to back and surprise my fans! It’s a reminder that you can rise no matter what challenges life brings.» ដែលមានន័យជាភាសាខ្មែរថា «ខ្ញុំពិតជារំភើបណាស់ ក្នុងការត្រឡប់មកវិញ ដោយបញ្ចេញនូវបទចម្រៀងថ្មី ២ បទនេះ ដើម្បីផ្ដល់ភាពភ្ញាក់ផ្អើលទៅកាន់អ្នកគាំទ្រខ្ញុំទាំងអស់។ វាចាត់ទុកជាការដាស់តឿនថា អ្នកអាចក្រោកឈរឡើងវិញ ទោះជួបឧបសគ្គក្នុងជីវិតយ៉ាងណាក៏ដោយ»

បណ្តាអ្នកគាំទ្របានសម្តែងនូវការរីករាយគ្រប់ៗគ្នា ពេលឃើញថា Selena Gomez ក្លាយជាមនុស្សស្រីដ៏រឹងមាំម្នាក់បែបនេះ និងជាគំរូមួយសម្រាប់នារីដទៃទៀត ដែលជួបបញ្ហារឿងស្នេហាឲ្យរឹងមាំដូចរូបនាង ជាពិសេសស្រឡាញ់ខ្លួនឯងឲ្យបានច្រើន ទោះក្នុងកាលៈទេសៈណាក៏ដោយ៕