(ក្រុងឡុងដ៍)៖ ក្រុមខ្លាំងរបស់អង់គ្លេស Manchester United និង Arsenal សុទ្ធតែទទួលបានជ័យជម្នះដូចគ្នាក្នុងការប្រជែងពានរង្វាន់អឺរ៉ុប Europa League វគ្គសន្សំពិន្ទុក្នុងពូល F និងពូល L ដែលកំពុងឈរលើកំពូលតារាងពិន្ទុដោយក្រុមរបស់លោក Ole Gunnar Solskjaer បានយកឈ្នះក្រុម Partizan Belgrade ១-០ និងក្រុមលោក Unai Emery យកឈ្នះក្រុម Vitoria Guimaraes ៣-២។ នេះបើតាមការចេញផ្សាយដោយ BBC។

ការប្រកួតដែលធ្វើឡើងនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ខណៈការប្រកួតដ៏ស្វិតស្វាញរបស់ក្រុមបិសាចក្រហម Man Utd រកបានតែ ១គ្រាប់ពីការស៊ុតបាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករសញ្ជាតិបារាំង Anthony Martial នៅនាទី៤៣ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុម Ole មាន ៧ពិន្ទុ គ្រាដែលក្រុម AZ Alkmaar មានតែ ៥ពិន្ទុ ក្រោយយកឈ្នះក្រុម FC Astana យ៉ាងចាស់ដៃ ៦-០ ប្រចាំពូល L។

ងាកទៅចាប់អារម្មណ៍ការប្រកួតនាកីឡដ្ឋាន Emirates ដែលបញ្ចប់ក្នុងលទ្ធផល Arsenal យកឈ្នះក្រុម Vitoria Guimaraes ៣-២។ ការប្រជែងនេះក្រុមភ្ញៀវបានធ្វើការនាំមុខ ១គ្រាប់ដោយការស៊ុតរបស់កីឡាករ Marcus Edwards នៅនាទីទី៨ និងមិត្តរួមក្រុម Bruno Duarte ធ្វើការនាំមុខសារជាថ្មីនៅនាទី៣៦ គ្រាដែលក្រុមលោក Unai Emery បានព្យាយាមតាមស្មើវិញនៅនាទី៣២ ដោយខ្សែបម្រើ Gabriel Martinelli ហើយខ្សែប្រយុទ្ធ Nicolas Pepe រកបានពី២គ្រាប់ នៅនាទី៨០ និងនាទី៩០ ធ្វើឲ្យក្រុមកាំភ្លើងធំ មាន ៩ពិន្ទុឈរកំពូលតារាង ខណៈ Eintracht Frankfurt មានត្រឹម ៦ពិន្ទុប្រចាំពូល F៕