(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់ ពីសំណាក់ទស្សនិកជន ចំពោះផលិតករខ្មែរ និងស្ថានីយទូរទស្សន៍ ដែលបានចម្លងភាពយន្តពីប្រទេសជិតខាង ជាពិសេសពីប្រទេសថៃ ដើម្បីយកមកថតឡើងវិញ ដោយឲ្យតារាខ្មែរជាអ្នកសម្ដែង និងមើលទៅហាក់ឆ្គាំឆ្គងខ្លាំងនោះ នៅពេលនេះ ​ទូរទស្សន៍​​ប៉ុស្តិ៍​លេខ​៥ បានរៀបចំពិធីក្រុងពាលី ចេញថតរឿងថ្មីមួយទៀតហើយ មានចំណងជើងថា «​និស្ស័យខ្លុយស្នេហ៍» ដែលជាប្រភេទរឿងភាគបែបបុរាណ ដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្លួន ក្នុងការដាក់បញ្ចាំង ជូនទស្សនិកជនទស្សនា។

ជាការពិតកន្លងមកស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ តែងតែថតភាពយន្តយកឆ្អឹងរឿងពីប្រទេសថៃ ដើម្បីយកមកថតឲ្យមានលក្ខណៈបែបបទ និងសណ្ឋានជាខ្មែរ។ ប៉ុន្តែបញ្ហានេះ បានបង្កឲ្យមហាជន ក្នុងប្រទេសសម្ដែងការរិះគន់ ហើយយល់ឃើញថា ផលិតករខ្មែរពុំមាន​គំនិតឆ្នៃប្រឌិតអ្វីថ្មី សម្រាប់ភាពយន្តរបស់ខ្លួន ពោលគឺសិក្សា និងកែច្នៃយកតែរបស់គេមកធ្វើបន្ត។

លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធី ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានថ្លែងបញ្ជាក់ថា ទោះបីជាកន្លងមកទូរទស្សន៍​ ប៉ុស្តិ៍​លេខ​៥ បានយកលំនាំថតភាពយន្ត និងឆ្អឹងរឿងពីប្រទេសថៃ មកផលិតក៏ពិតមែន ប៉ុន្តែយើងមានការកែសម្រួល ទាំងប្លង់ថត សាច់រឿង បច្ចេកទេស តួសម្ដែង និងឥរិយាបទនានា ឲ្យមានលក្ខណៈជាខ្មែរសុទ្ធសាធ ទើបយើងផលិតឡើង។ ម្យ៉ាងវិញទៀត ប៉ុស្តិ៍​លេខ​៥​ ត្រូវការភាពយន្តខ្មែរច្រើន ដើម្បីដាក់បញ្ចាំងរៀងរាល់ថ្ងៃ បំពេញតម្រូវការអ្នកទស្សនា ទោះក្នុងទូរទស្សន៍នេះ មានកម្មវិធីសំបូរបែបច្រើនទៀតក្ដី។

លោកបន្តថា រាល់ភាពយន្តដែលយើងមកថត គឺយើងបានទិញសិទ្ធត្រឹមត្រូវ ហើយផលិតករ ក៏បានរៀបចំឡើងយ៉ាងសម្រិតសម្រាំងថ្មី ឲ្យក្លាយជាចំណីអារម្មណ៍មួយប្លែកភ្នែក ពោលគឺមិនដូចគ្នាទាំងស្រុងនោះទេ មានតែចំណុចបន្តិចបន្ទួតប៉ុណ្ណោះ ដែលអ្នករិះគន់លើកយកមក ដោយមិនបានពិនិត្យមើល លើសាច់រឿងទាំងមូល​។ យ៉ាងណាមិញ ដើម្បីលើស្ទួយភាពយន្តខ្មែរឲ្យរីកចម្រើន យើងនៅតែបន្តដើរលើគោលការណ៍នេះ បន្តទៀត។

​ជាការពិត ពីមួយឆ្នាំទៅមួយឆ្នាំ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ រមែងរំលេចស្នាដៃភាពយន្តភាគខ្មែរជាច្រើន ទាំងបុរាណ និងសម័យទទួលបានភាពពេញនិយម ពិសេសអ្នកនៅតាមបណ្តាខេត្តមួយចំនួន។ ទាំងនេះហាក់ដូចជាការលើកស្ទួយវិស័យភាពយន្តខ្មែរ ឲ្យរស់រានបន្តទៀត មិនថា​ផលិតករ តារាសម្តែង ក្រុមបច្ចេកទេស គឺទទួលបានការងារធ្វើជាហូរហែ​។ ​

ជាក់ស្តែងនាព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំរបស់ប៉ុស្តិ៍​លេខ៥ តារាសម្តែងមួយចំនួនបានមកប្រមូលផ្តុំគ្នា ប្រារព្ធពិធីក្រុងពលីរឿងភាគថ្មីមួយរឿងទៀត បន្ទាប់ពីបាននិពន្ធចងក្រងរួចរាល់។ ស្នាដៃរឿងភាគថ្មីនេះ មានចំណងជើងថា «និស្ស័យខ្លុយស្នេហ៍» ដែលរំពឹងសារជាថ្មីថា នឹងមានការគាំទ្រជាបន្តទៀត ពីសំណាក់ទស្សនិកជន។

លោក ស៊ិន សុផាត ប្រធានគ្រប់គ្រងផលិតកម្មវិធី ប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឲ្យដឹងថា តារា​សម្ដែងក្នុងរឿងថ្មីនេះ សុទ្ធ​តែតួធ្លាប់ថតជូនស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ហើយសុទ្ធ​តែតស៊ូសម្តែងជួយប្រាប់គ្នា ទៅវិញទៅមកពីរបៀបសម្តែង ដើម្បីឲ្យល្អតទៅ បើទោះមិនបានចូលសាលា។​ ចូរតារាទាំងអស់ គួរចេះស្រឡាញ់គ្នា សាមគ្គីគ្នា ដើម្បីភាពជោគជ័យ។ យើងត្រូវធ្វើជាគម្រូរបស់ប្រជាជន ហើយយោគយល់គ្នាឲ្យច្រើន ដើម្បីឲ្យភាពយន្តយើងរលូន ហើយឆាប់ទទួលបានការងារភាពយន្តថ្មីៗទៀត។

សូមបញ្ជាក់ថា រឿង«និស្ស័យខ្លុយស្នេហ៍» មានការចូលរួមសម្តែងដោយលោក មុំ សុធារ៉ា តារាកំពុងមានប្រជាប្រិយភាព, តារាស្រីរះថ្មីកញ្ញា ម៉ូនី និតា, តារាជើងចាស់លោក សំអ៊ែល តារាវុធ, លោក សុខ សុធន, កញ្ញា វ៉ាន់ លីលី, លោក ឆាលី, កញ្ញា ស្រីរត្ន័, កញ្ញា ដាណា, លោករិទ្ឋីនី, នង សុខលី, ម៉េង សាវុទ្ឋ, សុភា,​ លោកវិរៈ តារា, កុមារី ណាណា,កញ្ញា គឹមហួ ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត៕