(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិម៉ុងហ្គោលីលើកដំបូង ក្នុងមិត្តភាពអន្ដរជាតិ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។

នេះគឺជាការប្រកួតក្នុងដីលើកចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ឆ្នាំ២០១៩។ ប៉ុន្ដែជាប្រវត្តិសាស្ដ្រលើកដំបូង ដែលកម្ពុជា និងម៉ុងហ្គោលី បានជួបគ្នាលើសមរភូមិវាលស្មៅ ដើម្បីត្រៀមបន្ដការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) តាមពូលរៀងៗខ្លួន។

គួរបញ្ជាក់ថា ការប្រកួតមិត្តភាពនេះ នឹងធ្វើឡើងនាវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News។ ប៉ុន្ដែក្រោយចប់ការប្រកួត ក្រុមគោព្រៃកម្ពុជា នឹងត្រូវហោះទៅហុងកុង ដើម្បីជួបក្រុមម្ចាស់ផ្ទះនាថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងជើងទី២ ប្រចាំពូល C ខណៈម៉ុងហ្គោលី ត្រូវហោះទៅមីយ៉ាន់ម៉ា ដើម្បីជួបក្រុមម្ចាស់ផ្ទះនៅថ្ងៃជាមួយគ្នា សម្រាប់ជំនួបជើងទី២ ប្រចាំពូល F នៃវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកខាងលើដូចគ្នា៕