(ព្រុចសែល)៖ កីឡាករខ្សែបម្រើប្រយុទ្ធអង់គ្លេស Alex Oxlade-Chamberlain រកបាន ២គ្រាប់ជួយក្រុមការពារជើងឯក Liverpool យកឈ្នះក្រុមខ្លាំងប៊ែលហ្សិក Genk ក្នុងលទ្ធផល ៤-១ នៃការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល E នៃពានរង្វាន់អឺរ៉ុប UEFA Champions League ខណៈគូប្រជែងក្នុងពូល Napoli បានយកឈ្នះម្ចាស់ផ្ទះ RB Salzburg ៣-២ នៅរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ដូចគ្នា។

Chamberlain ក្រោយខកខានរត់លើទីលានជាង ១រដូវកាលមកហើយនោះបានប្រើបច្ចេកទេសស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ២គ្រាប់ម្នាក់ឯងនៅតង់ទី១ ក្នុងនាទីទី២ និងនៅនាទី៥៧ ដោយរួមចំណែកពីមិត្តរួមក្រុមដែលជាខ្សែប្រយុទ្ធជួរមុខ Sadio Mane និង Mohamed Salah រកបានម្នាក់ ១គ្រាប់ផងដែរ ពីការវាយបកបានតែ ១គ្រាប់នៃម្ចាស់ផ្ទះ Genk ដោយកីឡាករ Stephen Odey នៅនាទី៨៨ ចុងម៉ោង។

២គ្រាប់យប់មិញនេះដែរ Chamberlain បានកើនគ្រាប់ស៊ុតបានចំនួន ៨គ្រាប់ក្នុង Champions League ឲ្យ Liverpool ក្រៅពីបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អឺរ៉ុបមួយនេះបាន ៣៩ប្រកួតគិតចាប់តាំងពីបានចូលរួមជាមួយក្លឹបស្ថិតនៅទីក្រុង Liverpool នៃប្រទេសអង់គ្លេសមួយនេះកាលឆ្នាំ២០១៧ កន្លងទៅ។

នេះជាជ័យជម្នះលើកទី២ ផងដែរសម្រាប់ក្រុមជើងឯក UCL ៦សម័យកាល ក្រោយយកឈ្នះក្រុមរបស់អូទ្រីស Salzburg ៤-៣ នៅកីឡដ្ឋាន Anfield និងបរាជ័យ ២-០ នៅក្នុងផ្ទះរបស់ Napoli កាលថ្ងៃបើកឆាក។

គួរបញ្ជាក់ផងថា ការប្រជែងកៅអីវគ្គបន្ត ១៦ក្រុមនៃពាន UEFA Champions League គិតត្រឹមពេលនេះ ក្រុមអ៊ីតាលី Napoli បាននឹងកំពុងឈរលើកំពូលតារាងប្រចាំពូល E បណ្តោះអាសន្ន ដោយមាន ៧ពិន្ទុ គ្រាដែលក្រុមអតីតជើងឯករដូវកាលមុន Liverpool ឈរលេខរៀងទី២ មាន ៦ពិន្ទុ និង Salzburg មាន ៣ពិន្ទុ និង Genk ស្ថិតនៅបាតតារាងមានតែ ១ពិន្ទុប៉ុណ្ណោះបញ្ចប់ជើងទី១៕