(អាំស្ទើដាំ)៖ Chelsea បានយកឈ្នះម្ចាស់ផ្ទះ Ajax ក្នុងលទ្ធផល ១-០ នៅសល់ ៤នាទីបញ្ចប់ការប្រកួត ដែលធ្វើឲ្យក្រុមមួយនេះ ឈ្នះ ២ប្រកួតជាប់គ្នានៅ UEFA Champions League បន្ទាប់ពីចាញ់ Valencia ១-០ នៅថ្ងៃបើកឆាកនោះ។

គ្រូបង្វឹក Frank Lampard បានប្រើយុវជនរហូតដល់ ៤នាក់ក្នុងចំណោមជម្រើស ១១នាក់ដំបូង ដើម្បីតាំងទល់នឹងក្រុមលេងមិនចាញ់ Ajax របស់ហូឡង់ ដើម្បីបន្តកំណត់ត្រាលេងមិនចាញ់ក្នុងចំណោម ២ប្រកួតក្រៅដីនៃវគ្គសន្សំពិន្ទុប្រចាំពូល H បន្ទាប់ពីយកឈ្នះ Lille ២-១ កាលពីប្រកួតទី២ នាដើមខែតុលា ឆ្នាំ២០១៩។

ខ្សែប្រយុទ្ធ Batshuayi ជាអ្នករកបានគ្រាប់ជ័យជម្នះឲ្យ Chelsea នៅក្រោយពេលត្រូវបានប្តូរចូលនៅខ្វះ ១៥នាទីបញ្ចប់ការប្រកួត ក្រោយទទួលបានពីមិត្តរួមក្រុម Christian Pulisic នៅនាទីទី៨៦ ក្នុងការប្រដេញពីពិន្ទុជាមួយក្រុមដែលជ្រុះចេញពី UCL ត្រឹមវគ្គ ៤ក្រុមនារដូវកាលមុន Ajax ដោយមាន ៦ពិន្ទុស្មើគ្នា៕