(ភ្នំពេញ)៖ តារាហ្វេសប៊ុកដ៏ល្បីឈ្មោះថា «Tey Chhay» មានឈ្មោះពិតថា «សួស បញ្ញាវត្តី» ដែលបានវិវត្តខ្លួនក្លាយជាពាណិជ្ជករ និងជាសហគ្រិនវ័យក្មេង នៅក្នុងពិភពជំនួញ បានបង្ហើរនូវសារលើកទឹកចិត្ត ក៏ដូចជាផ្ដល់កម្លាំងចិត្តដល់ស្រ្តីគ្រប់ៗរូប ឲ្យរឹងមាំក្នុងការប្រកបរបររកស៊ី ជាពិសេសនោះគឺការធ្វើជំនួញ កុំឲ្យមានការបាក់ទឹកចិត្ត ក្នុងការប្រកបការងារ ពោលគឺត្រូវតែមានការតស៊ូ ក្នុងជីវិត ដើម្បីទទួលបាននូវភាពជោគជ័យ ក៏ដូចជាធ្វើឲ្យបុរសឃើញថា មនុស្សស្រីគឺរឹងមាំ និងចេះចាប់ឱកាសធ្វើការងាររកស៊ី មិនចាញ់បុរសនោះឡើយ។

ជាក់ស្ដែងស្រីស្អាត «Tey Chhay» បានរៀបរាប់ថា «រាល់ថ្ងៃនេះរវល់ខ្លាំងណាស់ ព្រោះមួយថ្ងៃៗត្រូវគ្រប់គ្រងហ្គារាសាំងផង គ្រប់គ្រងហាងបោះដុំរ៉ូបនៅអូរឡាំពិកផង ដៃខ្ញុំកាន់តែទូរស័ព្ទ លក់អនឡាញផង រវល់មែនតែពោរពេញដោយក្ដីសុខពេញៗ និយាយទៅចំណូលរបស់ខ្ញុំ គឺចូលរាល់ថ្ងៃចូលគ្រប់ទិស ព្រោះពេលវេលាជាមាសប្រាក់ ចឹងឆ្លៀតទំនេរចុចទូរស័ព្ទ ឲ្យមានប្រយោជន៍ ចុចតែទូរស័ព្ទ ក៏អាចរកចំណូលចូលផ្ទះបានដែរ»

មួយវិញទៀត នាងក៏បានលើកទឹកចិត្ត ដល់មនុស្សស្រី ឲ្យចេះធ្វើការរកស៊ី កុំពឹងផ្អែកតែលើអ្នកដទៃ។ ធ្វើជាមនុស្សស្រីសម័យ ២០១៩ នៅតែផ្ទះសោះ ក៏អាចរកចំណូលចូលផ្ទះ បាន ដោយមិនចាំបាច់រំពឹងអ្នកដទៃ ឲ្យមកគិតនឹងពិបាកជាមួយ។

ជាការពិត ការងាររកស៊ីមិនបានកំណត់វ័យ វណ្ណៈ ភេទ ឬអាយុរបស់មនុស្សម្នាក់ៗឡើយ តែវាកំណត់ទៅលើទិសដៅ គោលបំណង ជាពិសេសឆន្ទៈរបស់យើង។ បើយើងមានក្តីស្រមៃ និងគោលបំណងជាក់លាក់ណាមួយហើយ ប៉ុន្តែយើងមិនព្រមក្រោកអនុវត្តន៍ ធ្វើឲ្យចេញជាសកម្មភាពនោះ វាក៏មិនទទួលបានជោគជ័យដែរ។ អ្វីទាំងអស់នេះ បញ្ជាក់ឲ្យឃើញថា ភាពជោគជ័យ គឺមានសម្រាប់មនុស្សគ្រប់ៗរូប ដែលប្រឹងស្រវ៉ារកមិនដេកចាំព្រេងវាសនា ឬការជួយពីអ្នកដទៃឡើយ។ ឈប់គិតថាខ្លួនឯង នៅក្មេងធ្វើអ្វីមិនកើតទៀតទៅ កុំព្រលែង ទោះឱកាសនោះតូចឬធំក្តី អ្នកគួរហ៊ានសាកល្បងសិនទៅ ចាត់ទុកថា វាជាការតេស្តសមត្ថភាពខ្លួនឯង មានកម្រិតណា ហើយបើខ្វះខាតត្រង់ណា យើងប្រឹងបន្ថែមក៏មិនទាន់ហួសពេលដែរ។

គួរបញ្ជាក់ថា កញ្ញា សួស បញ្ញាវត្តី បច្ចុប្បន្នគឺនាងជោគជ័យ ទៅលើការងារជំនួញ ខណៈបច្ចុប្បន្នសហគ្រិនវ័យក្មេងរូបនេះ មានជំនួញនៅក្នុងដៃជាច្រើន ដូចជា ម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ តេលា, បោះដុំសម្លៀកបំពាក់, ម្ចាស់ក្រុមហ៊ុន អនឡាញ Miss Princess Beauty Co.,LTD ហើយថែមទាំងជាអ្នកទទួលសិទ្ធលក់ផ្តាច់មុខផលិតផល Cheripino fiber របស់ថៃ នៅប្រទេសកម្ពុជាទៀតផង។ សួស បញ្ញាវត្តី គឺជាកូនទោល ក្នុងគ្រួសារអ្នករកស៊ី ហើយអ្វីដែលជាក្ដីស្រម៉ៃរបស់នាងនោះគឺ ការចង់បង្កើតក្រុមហ៊ុន និងមានអ្វីដែលជាស្នាដៃខ្លួនឯង លូតលាស់ដោយសមត្ថភាពខ្លួនឯង ដោយមិនពឹងលើឥទ្ធិពលគ្រួសារ និងអ្នកដទៃ៕