(ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ និងជាអ្នកគ្រប់គ្រងទូទៅ «Team Eno Original Song» លោក អុីណូ បានអន្ទងចិត្តអតីតអ្នកសិល្បៈម្នាក់ឲ្យត្រឡប់ មកចូលក្នុងការងារចាស់វិញ គឺអ្នកនាង សុគន្ធា ដែលត្រូវបាន គេស្គាល់ថា ជាអតីតតារាសម្ដែង និងបច្ចុប្បន្នជាភរិយារបស់ម្ចាស់ហាងរ៉ាយុទ្ធ ដើម្បីឲ្យមកថតក្នុង MV Original Song របស់លោក បន្ទាប់ពីបង្កើតឡើងកាលពីពេលថ្មីៗនេះ។

តារាចម្រៀងក្នុងផលិតកម្ម សាន់ដេ លោក អុីណូ (Eno) ត្រូវបានគេដឹងថា លោកកំពុងថតសាច់រឿងក្នុងបទ «មិនមែនស្អប់អ្នកចាស់ តែមិនចង់ឃើញមុខ» និងបទ «ដឹងអត់បងមិនបានហេតុអ្វីនៅតែក្បត់» ដែលទើបផលិតជា Audio ហើយ និងត្រៀមបង្ហោះឡើង ដោយតួឯកស្រីនៅក្នុងសាច់រឿងទាំង២នេះ គឺអ្នកនាង សុគន្ធា។ វត្តមានរបស់តារាស្រីរូបនេះ កាន់តែធ្វើឲ្យម្នាក់ៗ មានការចាប់អារម្មណ៍ ដោយសារតែអ្នកនាង សុគន្ធា ត្រូវគេដឹងថា បានក្លាយជាកូនប្រសារអ្នកជំនួញស្តុក ជោគជ័យផ្នែកជំនួញនាំចូលផលិតផល សម្រស់លើ អនឡាញ ដែលទំនងមិនត្រឡប់មកកាន់សិល្បៈវិញទេ។

លោក អុីណូ បញ្ជាក់ថា សម្រាប់បទទាំងពីររបស់លោក ដែលកំពុងពន្លឿនថត MV នេះ គឺលោកជ្រើសយក អ្នកនាង សុគន្ធា ដែលជាតារាសម្ដែងឆ្នើមមួយរូបកាលពីមុន និងជាភរិយារបស់លោក រ៉ាយុទ្ធ មករួមសម្ដែងតែម្ដង។ លោករំពឹងយ៉ាងខ្លាំងថា វត្តមានរបស់អ្នកនាង សុគន្ធា នឹងរុញឲ្យសាច់រឿងក្នុងបទចម្រៀងរបស់លោក កាន់តែមានការចាប់អារម្មណ៍ ដោយសារតែអ្នកនាង ក៏ជាម្ចាស់ផលិតផលដែលជាអ្នកលក់អនឡាញ ដ៏មានប្រជាប្រិយផង។

លោកថាបទទាំងពីរនេះ ត្រូវបានចេញថតបានខ្លះៗ ដើម្បីឲ្យរួចរាល់ខ្លះ មុនពេលអ្នកនាងត្រូវចេញទៅសហរដ្ឋអាមេរិក នៅថ្ងៃទី២៥ តុលា ហើយពេលអ្នកនាងត្រឡប់មកវិញ នៅមួយអាទិត្យក្រោយនឹងថតបញ្ចប់។ យ៉ាងណាមិញ លោកបង្ហើបថា បទចម្រៀងដែលកំពុងសម្រុកថតជា MV ជាមួយអ្នកនាង សុគន្ធា នោះ នៅមិនទាន់​បង្ហោះឡើងនៅឡើយទេ ដោយគ្រាន់តែលោករំពឹងខ្ពស់ ជាមួយនឹងអត្ថន័យ និងបទភ្លេងថ្មីថា នឹងធ្វើឲ្យលោកទទួលបានការចាប់អារម្មណ៍ខ្ពស់ ជាពិសេសនៅពេល MV ត្រូវបានបញ្ចេញ។

លោក អុីណូ បន្តទៀតថា បទចម្រៀងរបស់លោក ដែលរួមសម្ដែងដោយអ្នកនាង សុគន្ធា នោះ និពន្ធដោយម៉ៅឃ្លី ដោយស្តាយថ្មីៗ ក៏មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តផងដែរ។ គ្រប់បទដែលលោកបានធ្វើត្រៀមចេញឆាប់ៗនោះ គឺជាការសហការផលិតរួមគ្នា រវាងលោក និងអ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់ទៀត គឺលោក THO MEET៕