(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញជំនាន់ទស្សវត្ស៨០ លោក យស បូវណ្ណៈ បានអះអាងថា លោកសុខចិត្តសុំច្បាប់ការងារ២សប្ដាហ៍ ពីអាមេរិក ដើម្បីធ្វើដំណើរមកកាន់ប្រទេសកម្ពុជាទស្សនាភាពយន្តរឿង «លោកឪពុក» ដែលរូបលោកបានសម្ដែងដោយផ្ទាល់។ ការបង្ហាញវត្តមានសម្ដែង ភាពយន្តជាថ្មីពីសំណាក់តារាសម្ដែងជើងចាស់លោក យស បូវណ្ណៈ ត្រូវបានមហាជនមើលឃើញថា ទោះបីជា លោកឃ្លាតចាកឆ្ងាយពីទឹកដីកំណើត ទៅរស់នៅឯនាយសមុទ្រអស់រយៈពេលជាច្រើនឆ្នាំក្ដី ក៏លោកនៅតែមាន ឈាមជ័រជាអ្នកសិល្បៈ ចង់វិលត្រឡប់ប្រឡូក បម្រើអារម្មណ៍បងប្អូនខ្មែរ ក្នុងវិស័យនេះដដែល។

យ៉ាងណាមិញការបង្ហាញវត្តមានសម្ដែង ក្នុងរឿង «លោកឪពុក» ពីសំណាក់លោក យស បូវណ្ណៈ គឺលោកនៅ តែរក្សាបាន នូវទេពកោសល្យសម្ដែងដ៏ល្អ មិនចាញ់កាលពីលោកនៅវ័យក្មេងនោះឡើយ។ ចំណុចនេះធ្វើឲ្យ ផលិតករនានា នៅតែចង់បានរូបលោកឲ្យសម្ដែង ក្នុងរឿងរបស់ខ្លួន និងព្យាយាមទាក់ទង ទោះបីដឹងថា តារាសម្ដែង យស បូវណ្ណៈ កំពុងរស់នៅសហរដ្ឋអាមេរិកក្ដី។

លោក យស បូវណ្ណៈ បានថ្លែងប្រាប់ក្នុងពិធីបង្ហាញខ្លួន នៅផ្សារទំនើបអ៊ីអន២ ថា លោកពិតជាសប្បាយ ចិត្តយ៉ាងខ្លាំង ដែលផលិតកម្មមហាហង្ស រៀបចំពិធីស្វាគមន៍លោកយ៉ាងកក់ក្ដៅ ដោយវត្តមានទាំងតារាល្បីចាស់ ក្មេងចូលរួមនោះ។ មិនខុសពីការលើកឡើង ក្នុងពិធីទាំងមូលត្រូវគេរៀបចំតុភ្ញៀវ កន្លែងថតរូបអមដោយ ភ្លើងពណ៌ និងមានអ្នកសារព័ត៌មានច្រូងច្រាង ធ្វើឲ្យលោក យស បូវណ្ណៈ មានកិត្តិយស មុនពេលលោក និងភ្ញៀវកិត្តិយសកុះករ ចូលទស្សនារឿង។

លោកកាន់តែរំភើបចិត្ត នៅពេលមានអ្នកប្រាប់ថា ភាពយន្តរឿង «លោកឪពុក» ដែលលោកបានថត ទទួលបានការគាំទ្រ ហើយបើទោះជាដាក់បញ្ចាំងច្រើនថ្ងៃទៅហើយក្ដី នៅតែមានអ្នកទស្សនាពេញសាល។ លោកទទូចឲ្យទស្សនាភាពយន្តនេះឲ្យបានច្រើន ដើម្បីដឹងពីការលះបង់របស់ឪពុក និងដូចជាគាំទ្រស្នាដៃ របស់លោក។ ក្នុងនោះលោកក៏សោកស្ដាយណាស់ដែរ ដែលសុំច្បាប់បានតែ២សប្ដាហ៍ ហើយមិនអាចទទួល ថតរឿងបាន នៅពេលមានការទាក់ទងពីផលិតកម្មមហាហង្ស និងផលិតករផ្សេងទៀត តាំងពីមុនលោកចុះមក ដល់កម្ពុជា។

លោក យស បូវណ្ណៈ បញ្ជាក់បន្ថែមថា គោលបំណងធំបំផុត ដែលលោកចុះមកកម្ពុជា គឺមកទស្សនារឿងដែល លោកសម្ដែងដោយផ្ទាល់ ដោយលោកសុខចិត្តបង់ខាតការងាររហូតពីរសប្ដាហ៍ ដើម្បីចំណាយពេលមកសម្ពោធ លើកទី២ និងជួបហ្វេនដល់ផ្ទាល់តែម្ដង។ លោកសប្បាយចិត្ត ដែលមានការស្វាគមន៍លើសពីការស្មាន ពីសំណាក់ផលិតករមហាហង្ស ដើម្បីលើកមុខលើកមាត់របស់លោក ឲ្យមហាជនចាប់អារម្មណ៍៕