(ប៊្រុចសែល)៖ ការប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល A ក្រុមខ្លាំងរបស់បារាំង Paris Saint-Germain បានយកឈ្នះក្លឹប Club Bruges របស់ប៊ែលហ្សិកក្នុងលទ្ធផល ៥-០ ដែលជាជ័យជម្នះលើកទី៣ ជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League ខណៈកីឡាករវ័យក្មេង Kylian Mbappe រកបាន ៣គ្រាប់ម្នាក់ឯង (ហែតទ្រីក) នាថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៩។

ការប្រកួតដ៏ស្វិតស្វាញពេញ ៩០នាទី PSG រកបានគ្រាប់ស៊ុតដល់ទៅ ៥គ្រាប់ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបាន ៣គ្រាប់ម្នាក់ឯង និងខ្សែប្រយុទ្ធចំណូលថ្មី Mauro Icardi រកបាន ២គ្រាប់ ដែលការប្រកួតនេះបានធ្វើឡើងនាកីឡដ្ឋាន Jan Breydel Stadion ប្រទេសបែលហ្សិក ដោយមានអ្នកទស្សនាត្រឹមតែ ២៦៩៤៦នាក់ប៉ុណ្ណោះ។

៣ពិន្ទុក្រៅដីលើកទី២ ធ្វើឲ្យក្រុមរបស់លោក Thomas Tuchel បន្តឈរនៅកំពូលតារាងដដែល ដោយមាន ៣ពិន្ទុពេញ ឆ្លងកាត់ ៣ប្រកួត និងជាក្រុមតែ ១គត់ដែលពុំទាន់របូតគ្រាប់បាល់នៅឡើយទេ ក្រៅពីស៊ុតបញ្ចូលទីគូប្រកួត បាន ៩គ្រាប់ រាប់ទាំងបំបាក់ Real Madrid ៣-០ កាលពីថ្ងៃបើកឆាកនៅកីឡដ្ឋាន Parc des Princes ផងដែរ តាមពីក្រោយដោយក្រុម Real Madrid របស់អេស្ប៉ាញ មានត្រឹមតែ ៤ពិន្ទុ ក្រោយយកឈ្នះម្ចាស់ផ្ទះ Galatasaray ១-០ ដោយកីឡាករ Toni Kroos នៅនាទី១៨ នោះ៕