(ក្រុងឡុងដ៍)៖ ក្រុមដែលកំពុងធ្លាក់ទម្រង់លេង Tottenham Hotspur បានស្តារមុខមាត់ត្រឡប់មកវិញ តាមរយៈបំបាក់គូប្រជែងមកពីស៊ែប៊ី Red Star Belgrade ក្នុងលទ្ធផល ៥-០ មិនឲ្យងើបមុខរួចក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Champions League នាយប់មិញនេះ។

នេះក៏ជាជ័យជម្នះលើកដំបូងសម្រាប់ក្រុមរបស់លោក Mauricio Pochettino ផងដែរក្នុងចំណោម ៣ប្រកួតវគ្គសន្សំពិន្ទុប្រចាំពូល B ក្រៅពីស្មើ ២-២ ទល់នឹង Olympiakos នៅថ្ងៃបើកឆាក មុនបន្តចាញ់ Bayern Munich ស្ពឹកមុខ ៧-២ ក្នុងនាមជាក្រុមរងជើងឯក UCL កាលពីរដូវកាលមុន។

កីឡាករខ្សែប្រយុទ្ធ Harry Kane និងមិត្តរួមក្រុមមកពីកូរ៉េខាងត្បូង Son Heung-min រកបានម្នាក់ ២គ្រាប់ដូចគ្នា គ្រាដែល Eric Lamela មកពីអាហ្សង់ទីនរកបាន ១គ្រាប់ដែរនៅនាទី៥៧ ដើម្បីបញ្ចប់ភាពលេងមិនឈ្នះសម្រាប់ ៥ប្រកួតចុងក្រោយនេះទាំងលេងនៅ Premier League និង UCL នេះ។

៣ពិន្ទុក្នុងដីជាលើកទី១ នេះដែរ បានធ្វើឲ្យក្រុមមាន់ខ្នាយមាសមួយនេះ ឡើងទៅឈរនៅលេខរៀងទី២ ដោយមាន ៤ពិន្ទុក្នុងពូល B បណ្តោះអាសន្នផងដែរ នៅពេលដែល Olympiakos បានចាញ់ Bayern Munich ៣-២ ក្នុងពូលយប់មិញនេះដែរ បន្តឈរនៅបាតតារាង ដោយមានតែ ១ពិន្ទុប៉ុណ្ណោះ៕