(ហូជីមិញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គបន្ដនៃព្រឹត្តិការណ៍បាល់ទាត់ក្នុងសាល AFF Futsal Championship 2019 ដែលធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមហើយ បន្ទាប់ពីរងបរាជ័យ ២ប្រកួតផ្ទួនៗយ៉ាងចាស់ដៃ ហើយនៅរសៀលថ្ងៃពុធនេះ កម្ពុជានឹងត្រូវជួបទីម័រខាងកើត ដើម្បីបង្គ្រប់កិច្ចក្នុងពូល A ដូចគ្នា។

ចំពោះលទ្ធផល ២ប្រកួតដំបូងរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា គឺបានប្រកួតចាញ់ក្រុមខ្លាំងថៃ ១២-០ មុនបន្ដចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយលទ្ធផល ១៣-៣ កាលពីម្សិលមិញ។ ការបរាជ័យនេះ បានធ្វើឲ្យកម្ពុជា ក៏ដូចជាទីម័រខាងកើត ដែលរងបរាជ័យ ២ប្រកួតដូចគ្នា អស់ឱកាសប្រជែងកៅអីវគ្គបន្ដ តែមុនត្រឡប់មកមាតុភូមិវិញ ក្រុមទាំងពីរ ត្រូវប្រកួតបង្គ្រប់កិច្ចជាមួយគ្នានារសៀលនេះសិន។

គួរដឹងថា នេះគឺជាឆ្នាំទី២ ដែលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់ខាងលើ បន្ទាប់ពីខកខានអស់ជាច្រើនឆ្នាំ។ ប៉ុន្ដែចំពោះលទ្ធផលវិញ ហាក់គ្មានការប្រែប្រួលនោះទេ។ សម្រាប់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា ដ្បិតកាលពីឆ្នាំ២០១៨ ពួកគេបានបញ្ចប់ការប្រកួត ដោយមិនស្គាល់ពាក្យឈ្នះ ឬស្មើឡើយ។ ដូច្នេះចាំមើលប្រកួតចុងក្រោយថ្ងៃនេះ តើកម្ពុជា អាចរកបាន ៣ពិន្ទុត្រឡប់មកផ្ទះវិញបានទេ?