(ភ្នំពេញ)៖ ប្រតិភូ និងកីឡាករ-កីឡាការិនី នៃក្រុមកីឡារាំជម្រើសជាតិកម្ពុជាបានត្រឡប់មកដល់មាតុភូមិវិញហើយ នៅថ្ងៃទី២២ ខែតុលានេះ បន្ទាប់ពីបញ្ចប់ការប្រកួតកីឡារាំ Taipei Open 2019 នៅតៃវ៉ាន់ ដោយជោគជ័យ ជាមួយការដណ្ដើមបានមេដាយមាស១ និងមេដាយប្រាក់២ កាលពីចុងសប្ដាហ៍កន្លងទៅ។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា ដែលដឹកនាំអត្តពលិកកម្ពុជា ចូលរួមផ្ទាល់ក្នុងព្រឹត្តិការណ៍ខាងលើបានឲ្យដឹងថា បេសកកម្មនេះបានបញ្ចប់ជាមួយលទ្ធផលដ៏ល្អ ព្រោះមុនការប្រកួតលោកស្រីមិនរំពឹងក្នុងការប្រជែងយកមេដាយមាសប៉ុន្មានទេ ព្រោះការប្រកួតនេះ ក៏មានកីឡាករ-កីឡាការិនីលំដាប់ Top-3 លើពិភពលោកចូលរួមផងដែរ។

លោកស្រីថា «ខ្ញុំមានមោទកភាពណាស់ ចំពោះកីឡាករ-កីឡាការិនី ដែលខំប្រឹងរហូតអាចឈ្នះមេដាយមាស និងប្រាក់ ក្នុងក្របខណ្ឌ Asian Open...។ ខ្ញុំក៏មិននឹកស្មានលទ្ធផលការប្រកួតនៅតៃវ៉ាន់ល្អដូច្នេះដែរ ព្រោះអ្នកចូលរួម សុទ្ធតែជើងខ្លាំងប្រចាំប្រទេសនីមួយៗ មានទាំង Top-3 លើពិភពលោកទៀត។ មុនការប្រកួតខ្ញុំមិនសូវសង្ឃឹមទេ តែក្រោយចប់ទើបដឹងថា កីឡាករ-កីឡាការិនីយើង មានសមត្ថភាពប្រហាក់ប្រហែលគ្នា ពោលគឺប្រកួតដោយស្មើមុខមាត់ជាមួយប្រទេសផ្សេងៗ»

ជាមួយការដណ្ដើមបានសមិទ្ធផលថ្មីនេះដែរ អគ្គលេខាធិការសហព័ន្ធដដែលបានចាត់ទុកនេះ គឺជាសញ្ញាណវិជ្ជមានមួយ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ នេះ។ លោកស្រីបន្ថែមថា «តាមរយៈការចូលរួមប្រកួតនៅតៃវ៉ាន់ និងលទ្ធផលយើងទទួលបានលើកនេះ យើងសង្ឃឹម និងជឿជាក់ខ្លាំងថា ក្នុងការប្រកួតស៊ីហ្គេម នឹងអាចទទួលបានមេដាយមាស»

ក្រឡេកមកចាប់អារម្មណ៍ព្រឹត្តិការណ៍ខាងលើវិញ គឺមាន ១៧ប្រទេសចូលរួម ក្នុងនោះកម្ពុជា បានបញ្ជូនប្រតិភូ ចៅក្រម និងកីឡាករ-កីឡាការិនី ៧នាក់ទៅចូលរួម ដោយបានចាកចេញពីមាតុភូមិ កាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅ។ ជាលទ្ធផលកីឡាករ ច័ន្ទ វិទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា ដណ្ដើមបានមេដាយមាស១ ក្នុងការប្រកួត ADSF Asain Adult Open Latin Dance 2019 និងមេដាយប្រាក់២ ក្នុងការប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble។

លើសពីនេះ កីឡាករ ច័ន្ទ វិទ័រ និងកីឡាការិនី ព្រាប ដានីអែលឡា ក៏ទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារាំពិភពលោក WDSF Taipei Open 2019 ផងដែរ។ ចំណែកកីឡាករ សេង សុគីម និងកីឡាការិនី ម៉ូវ ដានីតា ទទួលចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡារំាអាស៊ី ADSF Single Dance Jive និងទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងកាប្រកួត Youth U21 & Youth Open Grade C Latin Dance។ ឯកីឡាករ ភុន ស៊ីវុត្រា ក៏ទទួលបានលេខ៤ ក្នុងកាប្រកួត Junior Open Grade C Ladin Dace ផងដែរ៕