(ភ្នំពេញ)៖ កីឡាករ-កីឡាការិនី នៃកីឡាកាយសម្ព័ន្ធកម្ពុជា ១០នាក់ ត្រូវបានសហព័ន្ធបញ្ជូនទៅចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិ Korean Open ឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ បេសកកម្មនេះ ដឹកនាំដោយលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ហើយលោកចាត់ទុកការចូលរួមនេះ ដូចជាការប្រកួត Pre-Sea Games ផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានមុនឡើងយន្ដហោះកាលពីរាត្រីថ្ងៃទី២១ ខែតុលាម្សិលមិញ លោក ណយ ផាណា បានបញ្ជាក់ថា នេះគឺជាលើកដំបូងហើយដែលសហព័ន្ធបានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមប្រកួតលើឆាកអន្ដរជាតិទូលំទូលាយលក្ខណៈជាក្រុមបែបនេះ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៣-២៥ ខែតុលាដដែល ដោយមានបណ្ដាប្រទេសជាច្រើនចូលរួម។

លោកបន្ដថា «ការប្រកួត Korean Open នេះ ភ្ជាប់ទៅនឹង Pre-Sea Games ដែលនឹងមកដល់នាចុងឆ្នាំ២០១៩ នេះ។ មួយទៀត ក៏ជាកត្ដាជំរុញឲ្យពួកគាត់ ពិសេសកីឡាករ-កីឡាការិនីវ័យក្មេងរបស់យើង ទទួលបាននូវបទពិសោធន៍ក្នុងការប្រកួតអន្ដរជាតិ ដើម្បីសម្រួចសមត្ថភាពត្រៀមចូលរួមប្រកួតលក្ខណៈអន្ដរជាតិផ្សេងៗនាថ្ងៃអនាគត ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ តែម្តង»

ការចូលរួមប្រកួតលក្ខណៈអន្ដរជាតិនេះ សហព័ន្ធបានបែងចែកជា ៣កម្រិតអាយុ ដើម្បីធ្វើការប្រកួតប្រជែង រួមមានវិញ្ញាសាអាយុ ១៨ឆ្នាំឡើង, អាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ១៥ឆ្នាំ។ ដូច្នេះក្រៅពីផ្ដោតលើលទ្ធផល លោករំពឹងថា ការប្រកួតនេះ នឹងផ្ដល់ឱកាសឲ្យកីឡាករ-កីឡាការិនី ទទួលបាននូវបទពិសោធន៍ និងបច្ចេកទេសថ្មីៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាព ពិសេសកីឡាករថ្នាល ដែលត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង។

សូមបញ្ជាក់ថា បេសកកម្មនេះ គឺទទួលបានការឧបត្ថម្ភពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ (CAMSOC) និងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធ។ តែក្រៅពីបញ្ជូនកីឡាករ-កីឡាការិនី ទៅប្រកួត Pre-SEA GAMES នៅកូរ៉េ សហព័ន្ធក៏បានបញ្ជូនកីឡាករមួយចំនួន ទៅហ្វឹកហាត់នៅចិន ដើម្បីត្រៀមប្រកួតស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះផងដែរ៕