(ភ្នំពេញ)៖ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២៤ ក្រោយពីបានសម្រាក ១រយៈពេលមក ក្រុមម្ចាស់ផ្ទះបឹងកេត បានយកឈ្នះក្រុមនគរបាលជាតិ នៅក្នុងលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលានៃទឹកដីកីឡដ្ឋាន ខេបូឌាអៃវ៉េ បើទោះបីជាអស់ឱកាសប្រជែងយកពានលីកក្នុងឆ្នាំ២០១៩ នេះក៏ដោយ។

គួរដឹងថា ការប្រកួតសម្រាប់ក្រុមទាំងពីរចូលដល់តង់ទី១ មិនទាន់បានក្តៅសាច់ផង ក្រុមភ្ញៀវនគរបាលជាតិ បាននាំមុខមុន១គ្រាប់និងបានស៊ុតបញ្ចូលទីដោយកីឡាករ នួន បូរី ពាក់លេខ៩ នៅនាទីទី៧ បន្ទាប់ពីកីឡាកររបស់បឹងកេតតាមពីក្រោយស្មើវិញ នៅនាទីទី៤០ ដោយកីឡាករ OIBOH JULIUS ពាក់លេខ២៧។ ចូលដល់តង់ទី២ នគរបាលជាតិ បានបន្ថែមនៅគ្រាប់ទី២ដោយកីឡាករ OKARO MATHEW OSA ពាក់លេខ៨០ ទាត់ចូលនៅនាទីទី៥៥ ខណៈកីឡាករ OIBOH JULIUS ពាក់លេខ២៧ របស់បឹងកេតដដែលបានបន្ថែមតាមស្មើនៅគ្រាប់ទី២របស់ខ្លួន នៅនាទីទី៧២ បន្ទាប់ពីកីឡាករ PURCINO LUIZ EDUARDO ពាក់លេខ៧ បានសម្រេចនៅគ្រាប់ទី៣ចុងក្រោយនៅនាទីទី៧៨ និងធ្វើអោយក្រុមទទួលបានជ័យជម្នះ។

បឹងកេតសប្តាហ៍ទី២៣ បានលេងស្មើជាមួយក្រុម ណាហ្គាវើលនៅក្នុងលទ្ធផល ១-១ កាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា កន្លងទៅនៅក្នុងទឹកដីនៃកីឡដ្ឋាន ខេបូឌាអៃវ៉េ។ បឹងកេតឆ្លងកាត់២៤ប្រកួតមកនេះ ឈ្នះ១៣ដង ស្មើ៧ដង និងចាញ់៤ដង និងបានឈរនៅចំណាត់ថ្នាក់លេខ៤ មាន៤៦ពិន្ទុ។

រីឯក្រុមនគរបាលជាតិវិញ សប្តាហ៍ទី២៣ បានយកឈ្នះក្រុមកំពង់ចាម នៅក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍ ទី២១ ខែកញ្ញាកន្លងទៅ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)។ ក្រុមនគរបាលជាតិ ឆ្លងកាត់២៤ប្រកួតមកនេះដូចគ្នា ឈ្នះ៨ដង ស្មើ៣ដង និងចាញ់១៣ដង និងបានឈរនៅចំណាត់ថ្នាក់លេខ១១ និងមាន ២៧ពិន្ទុ៕