(លីវើភូល)៖ ក្នុងចំណោមបញ្ជីឈ្មោះកីឡាករ ៣០នាក់ដំបូង មានកីឡាករមកពីក្លឹបហង្សក្រហម Liverpool ដល់ទៅ ៧ទៅហើយ ក្នុងការប្រជែងយកពានឯកត្តជន Ballon D’or ឆ្នាំ២០១៩។

ក្នុងចំណោមនោះដែរ កីឡាករខ្សែការពារថ្លៃជាងគេឈរនៅលំដាប់លេខ២ លើលោក Virgil van Dijk ក៏មានឈ្មោះក្នុងចំណោមិត្តរួមក្រុម Mohamed Salah, Sadio Mane, Roberto Firmino, Trent Alexander Arnold, Georginio Wijnaldum និង Alisson Becker ដែលត្រូវបោះឆ្នោត និងជ្រើសរើសចេញពីក្លឹប Liverpool របស់អង់គ្លេស និងក្រុមជើងឯក Premier League រដូវកាលមុន Manchester City ក៏មានកីឡាករជាប់ឈ្មោះចំនួន ៥នាក់ផងដែរ។

ជាមួយគ្នានោះដែរគូប្រជែងចាញ់ក្នុងពានរង្វាន់កីឡាករលេងល្អបំផុតប្រចាំទ្វីបអឺរ៉ុប ក៏ដូចជាកីឡាករប្រចាំឆ្នាំរបស់ FIFA រួមមាន Cristiano Ronaldo របស់ Juventus និង Lionel Messi របស់ FC Barcelona ក៏បន្តមានឈ្មោះក្នុងចំណោមបេក្ខជន ៣០នាក់ផងដែរ ដែលពួកគេទាំងពីរ (Ronaldo និង Messi) ធ្លាប់ឈ្នះបានម្នាក់ ៥ដងដូចគ្នានាពេលកន្លងមកហើយ។

បន្ថែមលើនេះ តារាជើងស៊ុតមកពី PSG, Neymar, Harry Kane មកពីក្លឹប Spurs និង Paul Pogba មកពី Manchester United នោះ សុទ្ធសឹងតែមានឈ្មោះដូចគ្នា គ្រាដែលលទ្ធផលនឹងប្រកាសជាផ្លូវការនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។

កីឡាករខ្សែបម្រើប្រយុទ្ធពាក់លេខ១០ Luka Modric នៅក្លឹប Real Madrid ជាអ្នកឈ្នះពាន Ballon D’or ចុងក្រោយគេកាលឆ្នាំ២០១៨ បញ្ចប់រយៈពេល ៧ឆ្នាំចុងក្រោយដែលឈ្នះតែកីឡាករ ២រូប Messi និង Ronaldo ហើយ Van Dijk ជាបេក្ខភាពដែលស័ក្តិសមឈ្នះបំផុតផងដែរ បន្ទាប់ពីឈ្នះពាន UEFA Player of the Year ប្រចាំទ្វីបអឺរ៉ុបកាលខែសីហា ឆ្នាំ២០១៩ កន្លងទៅ គ្រាដែលពាន FIFA Best Player of the Year បានទៅលើដៃ Lionel Messi នោះ៕