(ចិន)៖ តារាសម្ដែងវ័យក្មេងរបស់កម្ពុជា បានបង្ហាញខ្លួន នៅក្នុងមហោស្រពភាពយន្ត លើកទី៦ «Silk Road Film Festival» នៅខេត្តសៀងមិញ ប្រទេសចិន កាលពីពេលថ្មីៗនេះ ដោយក្នុងនោះ នាងបានទទួលបទពិសោធន៍ និងបង្ហាញពីមោទនភាពរបស់ខ្លួន លើវិស័យភាពយន្តរបស់កម្ពុជា ដែលមានឱកាសបានចូលរួម​ ក្នុងមហោស្រពអន្តរជាតិនេះ។ អាចនិយាយបានថា នេះមិនមែនតែមោទនភាពសម្រាប់តែតារាសម្ដែង ​ភិន សុដាលីស ឬផលិតកម្មមហាហង្សនោះទេ ពោលគឺជាមោទនភាព សម្រាប់​វិស័យភាពយន្តរបស់កម្ពុជា ទាំងមូល ដែលមានឱកាសយករឿងរបស់ខ្លួន ទៅប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ។

ជាការពិត ​ចាងហ្វាង និងតារាសម្ដែង ក្នុងផលិតកម្មមហាហង្ស ​ត្រូវបានគណកម្មការមហោស្រពភាពយន្ត លើកទី៦ Silk Road Film Festival នៅខេត្តសៀងមិញ ប្រទេសចិន អញ្ជើញជាតារាកិត្តិយស ឲ្យចូលរួមចែករំលែកបទពិសោធន៍​ នៅក្នុងមហោស្រពភាពយន្តអន្តរជាតិនេះ​​។ អ្នកដែលបានចូលរួមមានដូចជា លោក អុិន សុភិន ចាងហ្វាងផលិតកម្ម លោក ភឹម តារាវិបុល និង តារាសម្ដែងល្បីល្បាញ អ្នកនាង ភិន សុដាលីស ដែលជាតូអង្គក្នុងរឿង «ណូលីណូឡា» ដែលត្រូវបានជ្រើសនៅក្នុងមហោស្រព។

តារាសម្ដែងវ័យក្មេង ភិន សុដាលីស​ បានថ្លែង​ថា នាងពិតជារំភើប នៅពេលរូបនាង លោក ភឹម តារាវិបុល និង លោក អុិន សុភិន ប្រតិភូរឿង «ណូលីណូឡា» ត្រូវបានកាសែត និងទូរទស្សន៍ចិន ដាក់ថ្ងៃសម្ភាសន៍ ស្ទើររកពេលសម្រាកមិនបាន ដែលកាន់តែបំផុសឲ្យភាពយន្តខ្មែរ ទទួលបានការផ្ដល់តម្លៃ។ នាងមិនតូចចិត្តទេ ចំពោះឱកាសមិនទទួលបានពាន ឬរង្វាន់ តែជាការផ្សព្វផ្សាយភាពយន្ដ ដ៏មានប្រសិទ្ធិភាព ដើម្បីឲ្យបរទេសស្គាល់ពីកម្ពុជា។

នាងបន្តថា នៅក្នុងប្រទេសចិននាង និងប្រតិភូមហាហង្ស ទទួលបានការស្វាគមន៍យ៉ាងខ្លាំង ដោយក្រៅពីមានក្រុមការងារចិន ជូនទៅមក​នាំផ្លូវគ្រប់ច្រកល្ហក ក្រឡេកទៅមើលលទ្ធផល នៃការពិពរ័ណ៌ភាពយន្តរឿង «ណូលីណូឡា» ដែលមហាហង្សទទួលបានសិទ្ធិតាំងបង្ហាញ ក៏មានការរៀបចំប្រូម៉ូតផ្សព្វផ្សាយពីភាគីចិន លើកមុខលើកមាត់ស្នាដៃរបស់កម្ពុជាណាស់ដែរ។​

ដោយឡែកលោក អុិន សុភិន បានបញ្ជាក់បន្ថែមថា សម្រាប់សេរីភាពក្នុងការដើរកម្សាន្ត នៅពីក្រោយមហោស្រពភាពយន្តនោះ រូបលោក និងប្រតិភូ មិនសូវមានឱកាសដើរកម្សាន្តនោះទេ ដោយសារមានអ្នកទទួលជូនទៅជូនមក ហើយស្របពេលប្រទេសចិន អត់មានអុិនធឺណិតសម្រាប់ប្រើទូលំទូលាយ ពិបាកទំនាក់ទំនងគ្នាផង រឹតតែធ្វើអោយលោក និងក្រុមការងារ មិនហ៊ានដើរ។ លោកថា តាំងពីទៅដល់ចិន រហូតដល់ថ្ងៃត្រឡប់មកវិញ ប្រតិភូគ្រប់រូបសុទ្ធតែមានរថយន្តជូនទៅមក និងមានអ្នកបកប្រែនៅជាប់ម្នាក់ ដោយអ្នកនាំផ្លូវទាំងនោះ ដឹងតែពីជូនទៅកម្មវិធី ទៅកន្លែងបាយ និង​ទៅកន្លែងគេង អត់ព្រលែងអោយដើររហូតរហូតទេ ទើបទៅកម្មវិធីច្រើនថ្ងៃនៅចិន តែមិនសូវបានដើរ។

យ៉ាងណាមិញ រូបលោក និងតារាសម្ដែងដទៃទៀត​ ក៏ទទួលបានបទពិសោធន៍ច្រើនពីព្រឹត្តិការណ៍នេះ ជាពិសេសបន្ទាប់ពីសារព័ត៌មានប្រទេសចិន សុំធ្វើកិច្ចសម្ភាសន៍ ស្ដីពីស្ថានភាពភាពយន្តនៅក្នុងប្រទេសកម្ពុជា៕