(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានផ្ញើសារក្រើនរំឭកដល់កីឡាករ-កីឡាការិនី ត្រូវខិតខំប្រឹងប្រែងឲ្យបានខ្លាំង ដើម្បីទទួលបានជោគជ័យពីឥឡូវ កុំរង់ចាំឈ្នះដល់ស៊ីហ្គេម ឆ្នាំ២០២៣។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ កាលពីថ្ងៃទី២១ ខែតុលាម្សិលមិញ។

ប្រធានសហព័ន្ធខាងលើបានដាក់ការជឿជាក់ខ្ពស់ថា កីឡាករ-កីឡាការិនី និងគ្រប់បណ្ដាសមាគម/ក្លឹបទាំងអស់ នឹងបន្ដការខិតខំប្រឹង ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាវាយសីកម្ពុជា និងឆ្ពោះទៅសម្រេចគោលដៅដណ្ដើមមេដាយនៅស៊ីហ្គេម ឆ្នាំ២០២៣ តែមិនមែនដល់ឆ្នាំ២០២៣ ទើបខំប្រឹងនោះទេ គឺខំប្រឹងពីឥឡូវ ព្រោះស៊ីហ្គេមនៅកម្ពុជា សល់ពេលតែជាង ៣ឆ្នាំកន្លះទៀតប៉ុណ្ណោះ។

លោក លី កុសល ថ្លែងថា «គោលដៅរបស់យើង មិនមែនចាំឈ្នះដល់ស៊ីហ្គេម ឆ្នាំ២០២៣ ទេ គឺត្រូវឈ្នះពីឥឡូវទៅ។ ចឹងដើម្បីឈ្នះត្រូវធ្វើម៉េច? ដើម្បីឈ្នះទាល់តែហ្វឹកហាត់ឲ្យដល់កម្រិត ហើយដើម្បីហ្វឹកហាត់ដល់កម្រិត ត្រូវតែស្ដាប់គ្រូ ត្រូវគោរពវិន័យ ត្រូវមានអត្ដចរិក-ក្រមសីលធម៌ល្អ ម៉ឹងមាត់ ទន់ភ្លន់ សុភាពរាបសា ដែលមើលទៅមហាជនគាំទ្រ និងចូលចិត្ត នេះគឺជាវីរភាពរបស់យើង»

ទន្ទឹមជាមួយគ្នា លោកបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការប្រកួតជើងឯកជាតិឆ្នាំនេះ ដែលបញ្ចប់ដោយជោគជ័យ ពិសេសការកៀងគរកីឡាករ-កីឡាការិនីវ័យក្មេងច្រើនចូលរួម សរបញ្ជាក់ឲ្យឃើញភាពរីកចម្រើននៃកីឡាវាយសីកម្ពុជាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ លើសពីនេះ លោកក៏បានបង្ហើបអំពីការកំពុងរៀបចំចំណាត់ថ្នាក់ (Ranking) ទៅតាមកម្រិតកីឡាករ ដើម្បីងាយស្រួលគ្រប់គ្រង និងអភិវឌ្ឍន៍បន្ថែមទៀតផង។

លោម ជាម សុភា អគ្គលេខាធិការស្ដីទីសហព័ន្ធបានបញ្ជាក់ថា ការប្រកួតជើងឯកជាតិ ឆ្នាំ២០១៩ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា នេះ គឺបានដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ដោយមានកីឡាករ-កីឡាការិនីសរុប ១៧៨នាក់ចូលរួម ហើយភាគច្រើនជាយុវជនថ្នាល។ លោកថា ឆ្នាំនេះ ការប្រកួតបានបញ្ចប់ដោយរលូន ពុំមានការតវ៉ានោះទេ ពោលគឺចាញ់-ឈ្នះដោយអស់ចិត្ត។

ចំពោះលទ្ធផលក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ រួមមានសមាគមកីឡាវាយសីក្រសួងមហាផ្ទៃ ឈរលេខ១ ដោយដណ្ដើមបានមេដាយមាស៤ និងប្រាក់២, ក្លឹបកីឡាវាយសី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយមាស៣ និងប្រាក់២, សមាគមកីឡាវាយសីខេត្តកំពង់ឆ្នាំង ឈរលេខ៣ ឈ្នះមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១ និងសមាគមកីឡាវាយសីខេត្តកំពង់ចាម ឈ្នះមេដាយមាស១ និង ប្រាក់១ ឈរលេខរៀងទី៤៕