(ភ្នំពេញ)៖​ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាពលរដ្ឋកិត្តិយស នៃទីក្រុង Steilacoom រដ្ឋ Washington សហរដ្ឋអាមេរិក បន្ទាប់ពីលោកបានចូលរួមលើការងារសំខាន់ ៣ នៅទីនោះ រួមមានវិស័យទេសចរណ៍ កម្សាន្ដ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទីក្រុង Steilacoom ជាដើម ។

ពិធីប្រគល់រង្វាន់ពលរដ្ឋកិត្តិយសខាងលើ បានធ្វើឡើងនៅកីឡដ្ឋាន Smart RSN របស់ភ្នំពេញក្រោន កាលពីល្ងាចមិញ ដែលប្រគល់ផ្ទាល់ដោយលោក Ron Lucas អភិបាលក្រុង Steilacoom ហើយក៏មានការចូលរួមអបអរសាទរពីគ្រូបង្វឹក និងកីឡាករ នៃក្លឹបបាល់ទាត់ភ្នំពេញក្រោនផងដែរ ។

លោក Ron Lucas បានបង្ហាញនូវមោទនភាព ចំពោះភាពជោគជ័យរបស់ប្រធានក្លឹបខាងលើ ក្នុងការចូលលរួមលើវិស័យទេសចរណ៍ ការកម្សាន្ត និងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចនៅក្នុងទីក្រុង Steilacoom ។ មួយវិញទៀត លោកក៏ទទួលស្គាល់ ចំពោះការខំប្រឹងក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពរវាងប្រជាជនកម្ពុជា ចិន ក៏ដូចជាភ្ញៀវទេសចរណ៍នានានៅជុំវិញពិភពលោកផងដែរ ។

លើសពីនេះ លោកបានសរសើរលោកឧកញ៉ា ឬទ្ធី សំណាង ដែលជាពាណិជ្ជករម្នាក់គួរឲ្យគោរព ដ្បិតក្រៅពីជំនួញ លោកបានចំណាយធនធានជាច្រើន​ក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា ជាក់ស្ដែងក្លឹបភ្នំពេញក្រោន ដែលបណ្ដុះបណ្ដាលនូវធនធានកីឡាករដ៏ច្រើន ។ ដោយហេតុនេះហើយ ទើបលោក Ron Lucas មិនស្ទាក់ស្ទើរក្នុងការផ្ដល់រង្វាន់ពលរដ្ឋកិត្តិយសដល់លោក ឬទ្ធី សំណាង ដែលបានលះបង់ និងកិច្ចខិតខំ ក្នុងការផ្ដល់នូវអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់ទីក្រុង Steilacoom ព្រមទាំងរដ្ឋ Washington ផងដែរ ។

ជាមួយគ្នាផងដែរ លោកឧកញ៉ា ឬទ្ធី សំណាង បាននិយាយថា «ខ្ញុំសូមរីករាយស្វាគមន៍ដ៏កក់ក្តៅ ចំពោះវត្តមានរបស់លោក Ron Lucas និងមន្ត្រីនានានៃទីក្រុង Steilacoom ហើយសូមជម្រាបថា ក្នុងនាមជាជនជាតិខ្មែរមួយរូប ខ្ញុំពិតជាមានកិត្តិយសដ៏ធំធេងក្នុងការទទួលបាននូវរង្វាន់នេះ ព្រោះក្រៅពីមោទកភាព វាជាសញ្ញាបញ្ជាក់អំពីទំនាក់ទំនងជាវិជ្ជមានរវាងប្រជាជននៃប្រទេសទាំងពីរ ពិសេសចំពោះរូបខ្ញុំផ្ទាល់ និងប្រជាជននៃទីក្រុង Steilacoom តែម្តង ។ ខ្ញុំក៏សូមប្តេជ្ញាថា នឹងរក្សានូវទំនាក់ទំនងល្អនេះដើម្បីពង្រឹងសក្តានុពល ក៏ដូចជាការផ្លាស់ប្តូរគ្នាទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កីឡា និងមនុស្សធម៌ថែមទៀត»