(ភ្នំពេញ)៖​ ក្រុមព្រះខ័នរាជស្វាយរៀង បានសម្រេចបំណងលើកពានលីគកំពូលកម្ពុជា ជាផ្លូវការហើយ បន្ទាប់ពីយកឈ្នះក្រុមក្រសួងការពារជាតិ(ទ័ព) ដោយលទ្ធផល ៤-២ ក្នុងសប្ដាហ៍ទី២ នៅកីឡដ្ឋានខេត្ដស្វាយរៀង កាលពីយប់មិញ។

នេះគឺជាជោគជ័យមុនបិទរដូវកាល ដែលក្រុមដឹកនាំដោយគ្រូបង្វឹកជនជាតិអៀកឡង់លោក Conor Nestor នេះ ធ្វើបានសម្រេច ខណៈការប្រកួតនៅសល់ ២សប្ដាហ៍ទៀត។ ចំពោះ ៣ពិន្ទុខាងលើ គឺគ្រប់គ្រាន់នឹងឲ្យក្រុមព្រះខ័នរាជស្វាយរៀងលើកពាន ដ្បិតបច្ចុប្បន្នពួកគេមាន ៦២ពិន្ទុ នាំមុខក្រុមលេខ២ ដល់ទៅ ៨ពិន្ទុឯណោះ។

សម្រាប់គ្រាប់បាល់ជ័យជម្នះ ដែលជួយឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងខាងលើ លើកពានមុនបញ្ចប់រដូវកាល គឺធ្វើសម្រេចដោយកីឡាករ Privat ២គ្រាប់, កីឡាករ ហ៊ួយ ផល្លីន និង សឿយ វិសាល ធ្វើបានសម្រេចម្នាក់ ១គ្រាប់។ រីឯ ២គ្រាប់របស់ក្រុមភ្ញៀវក្រសួងការពារជាតិ រកបានដោយកីឡាករ ច្រឹង ពលរដ្ឋ និងកីឡាករ Bisan George។

ដូច្នេះពេលនេះ ក្រុមកំពុងឈរលេខ២ គឺក្រុមវិសាខា បានត្រៀមសោកស្ដាយ និងសល់ឱកាសត្រឹមប្រជែងជើងឯករងប៉ុណ្ណោះ បន្ទាប់ពីពួកគេបានជម្រះបញ្ជីក្រុមអាស៊ីអឺរ៉ុប បានសម្រេចដោយលទ្ធផល ៥-១ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋាន AEU Sport Part កាលពីល្ងាចមិញ។ បច្ចុប្បន្នក្រុមព្រះខ័នរាជស្វាយរៀងមាន ៦២ពិន្ទុ ខណៈក្រុមវិសាខាមាន ៥៤ពិន្ទុក្នុងដៃ៕