(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃមកនេះ មានសារព័ត៌មានថៃជាច្រើន បានចុះផ្សាយជាបន្តបន្ទាប់ ដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា ផលិតករថៃហ៊ានចំណាយលុយដល់ទៅ ១០លានបាត ក្នុងការជួល Superstar ពីកម្ពុជា គឺកញ្ញា ស៊ិន យូប៊ិន ទៅសម្តែងក្នុងខ្សែភាពយន្តររបស់ខ្លួន។ តើនេះជាការពិតឬយ៉ាងណា?

ដោយបច្ចុប្បន្នកំពុងចូលរួមក្នុងកម្មវិធី «Silk Road International Film Festival» នៅប្រទេសចិន កញ្ញា ស៊ិន យូប៊ិន បានផ្តល់បទសម្ភាសន៍ តាមរយៈសារអេឡិចត្រូនិក ពាក់ព័ន្ធនឹងដំណឹងមួយនេះយ៉ាងដូច្នេះថា តាមពិតទៅ នាងពិតជាចូលរួមសម្តែងក្នុងភាពយន្តថ្មីមួយរបស់ផលិតករថៃមែន ដែលនេះជាឱកាសដ៏ល្អមួយ ក្នុងការទទួលយកនូវបទពិសោធន៍ថ្មី។ ទន្ទឹមគ្នានេះ ពាក់ព័ន្ធនឹងតម្លៃខ្លួនក្នុងការថតភាពយន្តថ្មីនេះ ត្រូវបានកញ្ញា ស៊ិន យូប៊ិន បញ្ជាក់ថា វាមិនមែនជាការពិតនោះទេ ដែលថាផលិតករថៃចំណាយលុយដល់ទៅ ១០លានបាត សម្រាប់ជួលនាង មកថតភាពយន្តរបស់ខ្លួននោះ ប៉ុន្តែតម្លៃពិតប្រាដកក៏មិនតិចនោះដែរ បានន័យថាស្ថិតក្នុងតួរលេខមួយខ្ពស់ ប៉ុន្តែមិនដល់ ១០លានឡើយ។

ស៊ិន យូប៊ិន បានបន្ថែមទាំងអារម្មណ៍រំភើបថា ខ្លួនរីករាយខ្លាំងណាស់ ដែលមានត្រូវបានផលិតករថៃ ផ្តល់កិត្តិយសឲ្យចូលរួមសម្តែងក្នុងភាពយន្តថ្មី ជាមួយនឹងតម្លៃខ្លួនខ្ពស់។ ទោះឥលូវមិនដល់ ១០លាន ដែលនាងសង្ឃឹមថា ថ្ងៃខាងមុខនឹងបាន១០លាន ដូចអ្វីដែលសារព័ត៌មានថៃចុះមែន។ នាងថា ផលិតករថៃបានទាក់ទងមកនាងផ្ទាល់ ដើម្បីឲ្យនាងចូលរួមសម្តែងក្នុងភាពយន្តនោះ ហើយនាងក៏យកសាច់រឿងមកមើល និងយល់ព្រមតែម្តង ព្រោះគិតថា រាល់ស្នាដៃភាពយន្តដែលផលិតកររូបនោះ ដាក់ចេញមកគឺសុទ្ធសឹងតែមានសន្ទុះគាំទ្រច្រើនពីមហាជនទាំងក្នុង និងក្រៅប្រទេស ហើយវាក៏ជាឱកាសមួយសម្រាប់នាង ក្នុងការទទួលយកនូវបទពិសោធន៍ថ្មីផងដែរ។

គួរជម្រាបថា ភាពយន្តថៃដែលកញ្ញា ស៊ិន យូប៊ិន ចូលរួមសម្តែងនោះ គឺជាប្រភេទរឿងកំប្លុកកំប្លែង ហើយភាពយន្តនេះនឹងត្រូវចាក់បញ្ចាំងនៅក្នុងរោងភាពយន្តប្រទេសកម្ពុជា និងថៃ នៅថ្ងៃទី២៨ ខែវិច្ឆិកា ចុងឆ្នាំ២០១៩នេះ៕