(ភ្នំពេញ)៖ តារាចម្រៀងប្រុសរូបរាងសង្ហា លោក ថេណា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង Original Song តែងតែនិពន្ធនូវបទចម្រៀងថ្មីៗ ជាស្នាដៃរបស់ខ្លួនផ្ទាល់ ដែលបទចម្រៀងនីមួយៗ សុទ្ធតែទទួលបាននូវការគាំទ្រយ៉ាងច្រើន ពីសំណាក់ទស្សនិកជន ពិសេសគឺមិត្តៗយុវវ័យ នៅលើបណ្ដាញសង្គមម្ដងៗ។ យ៉ាងណាមិញ ថ្មីៗនេះ លោកក៏បានបញ្ចេញចម្រៀងថ្មី ដែលជាស្នាដៃនិពន្ធរបស់ខ្លួនមួយបទទៀតហើយ ​មានចំណងជើងថា «ត្រូវជាអ្វីនឹង» កំពុងតែឆក់បានការចាប់អារម្មណ៍​យ៉ាងខ្លាំង ពីទស្សនិកជន ពិសេសអ្នកមានស្នេហា។

តាមរយៈបទចម្រៀងថ្មី «ត្រូវជាអ្វីនឹងគ្នា» របស់តារាចម្រៀងឯករាជ្យលោក ថេណា ពិតជាទទួលបានការគាំទ្រច្រើន គួរឲ្យកត់សម្គាល់ ខណៈបទមច្រៀងច្រៀងរៀបរាប់ ពីជិវិតស្នេហាមួយបទនេះ ដែលប្រុសសង្ហាមុខមានមន្តស្នេហ៍ ថេណា បញ្ចេញទើបតែបានប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏មានអ្នកចូលទស្សនា ជាង៨ម៉ឺនដងក្នុងបណ្ដាញសង្គមយូធូប។

អត្ថន័យនៃបទចម្រៀងទាំងស្រុង គឺរៀបរាប់ពី​ស្នេហារបស់យុវវ័យមួយគូ ដែលបានស្រលាញ់គ្នា ប៉ុន្តែស្នេហាពួកគេបានដើរដល់ផ្លូវបំបែកទៅវិញ ហើយម្នាក់ៗក៏បានជួបស្នេហាថ្មីរៀងខ្លួន ប៉ុន្តែពួកគេមានអារម្មណ៍ថា ឈឺចាប់​នឹងកើតអារម្មណ៍ហួងហែងប្រច័ណ្ឌ ពេលដែលបានជួបមុខគ្នាម្ដងៗ។ ជាមួយគ្នានេះ សម្រាប់បទចម្រៀងថ្មីរបស់ ថេណា មិនត្រឹមតែមានមនោសញ្ចេតនា ចាក់ដោតអារម្មណ៍ប៉ុណ្ណោះទេ បើនិយាយពីទឹកដមសំឡេងរបស់ប្រុសស្អាតរូបនេះវិញ កាន់តែស្ដាប់កាន់តែជក់ចិត្ត ជាមួយសំឡេងបែបស្រទន់មានមនោសញ្ចេតនា ធ្វើឲ្យចម្រៀងមួយបទនេះ រឹតតែមានចំណុចទាក់ទាញ និងចាប់អារម្មណ៍ថែមទៀត។

ចង់ដឹងកាន់តែច្បាស់ថា បទ«ត្រូវជាអ្វីនឹងគ្នា» របស់ថេណា ពីរោះ និងមានអត្ថន័យជ្រាលជ្រៅយ៉ាងណានោះ សូមរីករាយសណ្ដាប់នូវបទចម្រៀងនេះ ទាំងអស់គ្នា៖