(ម៉ាឌ្រីដ)៖ សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ RFEF បានចេញសេចក្តីថ្លែងការណ៍ពីការពន្យារពេលជំនួប El Clasico រវាងក្រុម FC Barcelona និង Real Madrid ពីថ្ងៃទី២៦ ខែតុលា អាចធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ វិញ ដោយសារបញ្ហាសន្និសុខនាពេលបច្ចុប្បន្ននៅតំបន់ Catalan។

ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ការសម្រេចពន្យារពេលនេះ គឺដើម្បីរក្សាបានសុខសុវត្ថិភាពរវាងអ្នកគាំទ្រ និងកីឡាករនៃក្រុមទាំងពីរ គ្រាដែលតំបន់ Catalan ដែលជាទឹកដីរបស់ Barcelona កំពុងជួបបញ្ហាបាតុកម្មកើតឡើង ក្រោយពេលតុលាការអេស្ប៉ាញកាត់ទោសមេដឹកនាំនៅតំបន់ខាងនេះដល់ទៅ៩នាក់ ជាប់គុកចាប់ពី៩ ទៅ១៣ឆ្នាំ»

សហព័ន្ធបាល់ទាត់អេស្ប៉ាញ ក៏សង្ឃឹមថា នឹងទទួលបានការឯកភាពពីថ្នាក់ដឹកនាំក្លឹប Barcelona និង Real Madrid ផងដែរនៅថ្ងៃចន្ទសប្តាហ៍ក្រោយ សម្រាប់កាលបរិច្ឆេទថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដែលត្រូវនឹងថ្ងៃពុធ ពាក់កណ្តាលសប្តាហ៍។

គួរបញ្ជាក់ផងដែរថា El Clasico គឺជាជំនួបរវាង FC Barcelona ទល់នឹង Real Madrid ប្រចាំប្រទេសអេស្ប៉ាញ គ្រាដែលជំនួបខ្លាំងប៉ះខ្លាំងនេះ ត្រូវបានគេចាប់នៅទូទាំងពិភពលោក និងមានទស្សនាផ្ទាល់មិនក្រោមពី ៧ម៉ឺននាក់ឡើយក្នុង ១ប្រកួត គ្រាដែលកីឡដ្ឋាន Camp Nou និង Santiago Bernabeu អាចផ្ទុកអ្នកទស្សនាផ្ទាល់ចាប់ពី ៩ម៉ឹននាក់ឡើងទៅផងដែរ៕