(ភ្នំពេញ)៖ ផលិតកម្ម SM ថ្មីៗនេះត្រូវបានគេរាយការណ៍ កំពុងរៀបចំក្រុមច្រៀងថ្មី។ Lee Soo Man ប្រធានផលិតកម្ម SM ត្រូវបានគេដឹងថា កំពុងស្នាក់នៅប្រទេសចិន រហូតដល់ចុងខែតុលានេះ ដើម្បីត្រៀមរៀបចំក្រុមចម្រៀងថ្មី សម្រាប់ផលិតកម្មរបស់ខ្លួន។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីព័ត៌មាន Koreaboo នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

លោក Lee Soo Man ប្រធានផលិតកម្ម SM កាលពីថ្ងៃទី១៦ ខែតុលានេះ បានថ្លែងថា លោកមិនមែនជាសាក្សីជំនាញ នៅក្នុងស៉ើបអង្កេត របស់គណៈកម្មាធិការកិច្ចការរដ្ឋ និងគណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (State Affairs Committee and the Korean Fair Trade Commission) នោះទេ។ លោកអះអាងថា លោកកំពុងតែ​មានបេសកម្មជាមួយជំនួញ គឺការផ្សព្វផ្សាយ និងរៀបចំបង្កើតក្រុមចម្រៀងថ្មី។

ដំណឹងនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រមានប្រតិកម្ម និងបញ្ចេញសាររិះគន់គ្រប់គ្នា ព្រោះយល់ថាសមាជិកក្នុងផលិតកម្ម Sulli ទើបតែទទួលមរណភាព និងធ្វើបុណ្យសពមិនទាន់ចប់ស្រួលបួលផង បែរជាមិនរវល់ និងមិនយកចិត្តទុកដាក់ ហើយបែរជាបង្កើតក្រុមបន្ថែមទៅវិញ។ ក្រុមអ្នកគាំទ្របានលើកឡើងថា «សូមយកចិត្តទុកដាក់ទៅលើតារាក្រុមផលិតកម្មនាក់ជាមុនសិន មុននឹងបង្កើតក្រុមថ្មី»

ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកគាំទ្រយល់ថា ជំងឺបាក់ទឹកចិត្តកំពុងវាយប្រហារតារាប្រុសស្រីជាច្រើន ហើយក្នុងនោះ តារាក្នុងផលិតកម្ម SM បានស្លាប់ពីរនាក់មកហើយដោយសារជំងឺនេះ ដូចជា៖ Jonghyun និង Sulli ជាដើម។ ដូច្នេះ អ្នកគាំទ្រស្នើរដល់ផលិតកម្ម ឲ្យគិតគូរពីបញ្ហាជំងឺបាក់ទឹកចិត្ត របស់តារាក្នុងផលិតកម្មជាមុនសិន មុននឹងបង្កើតក្រុមថ្មី៕