(ភ្នំពេញ)៖ បទចម្រៀងបរទេស ដែលមានចំណងជើងថា «Senorita» បកស្រាយដោយ កញ្ញា Camila Cabello កំពុងល្បីល្បាញខ្លាំង និងពេញនិយមស្តាប់ពីសំណាក់បណ្តាយុវវ័យស្ទើរទូទាំងពិភពលោក។ យ៉ាងណាមិញ ពេលនេះទស្សនិកជនស្រាប់តែចាប់អារម្មណ៍ខ្លាំង ពេលកូនប្រុសច្បងលោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីវណ្ណ បានលើក​យក​បទនេះមក​ច្រៀង Cover បែបសូឡូតែម្នាក់ឯង​នៅក្នុងស្ទូឌីយោ ស្តាប់ហើយពិតជាពិរោះ ជាមួយនឹងការលេងស្ទិលទឹកមុខ កាយវិការយ៉ាងទាក់ទាញ។

ជាទូទៅ អ្នកគាំទ្ររបស់តារាចម្រៀងប្រុសល្បីឈ្មោះ សុវត្ថិ មុន្នីវណ្ណ សង្កេតឃើញថាកន្លងមក លោកធ្លាប់តែយកចម្រៀងរបស់ Justin Bieber មកច្រៀង Cover ប៉ុណ្ណោះ ដែលបទទាំងនោះសុទ្ធសុងតែ​ជាចម្រៀង ដែលមានការពេញនិយមខ្លាំងបំផុត មិនថាក្នុង និង​ក្រៅ​ប្រទេស​នោះឡើយ។ ជាក់ស្តែង​ ពេលនេះស្រាប់តែលើកយកបទមនុស្សស្រីមកច្រៀង Cover គឺបទ «Senorita» ក៏មានការចាប់អារម្មណ៍មិនធម្មតាដែរ។ សំឡេងរបស់លោកក្នុងបទនេះ គឺស្រទន់ ពិរោះ មានទឹកដម បាន​ធ្វើឲ្យ​ចម្រៀង​​មួយ​​បទ​នេះ​កាន់តែពីរោះ​មួយកម្រិត​ទៀត​ បូកផ្សំការលេងទឹកមុខ​ព្រមជាមួយ​កាយវិការ​ដ៏រស់រវើក​របស់ សុវត្ថ មុនីវណ្ណ ផងនោះ បានធ្វើឲ្យវីដេអូរបស់លោក មានហ្វេនៗចែករំលែកពេញបណ្តាញសង្គមតែម្តង។

ចង់ដឹង​ថា​កូនច្បងលោក ព្រាប សុវត្ថិ ​ច្រៀង Cover បទ «Senorita» បានពីរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖