(ភ្នំពេញ)៖ ខ្សែភាពយន្តខ្នាតធំ បែបអប់រំរឿង «រសាត់អណ្តែត» ដែលត្រូវបានជ្រើសរើសឡើងដោយ មជ្ឈមណ្ឌល បណ្ដុះបណ្ដាលជំនាញ និងទទួលការថតនៅកម្ពុជា (CFC) សម្រាប់រឿងខ្នាតវែងអន្តរជាតិល្អបំផុត ឯពានរង្វាន់ OSCAR Academy Aword ឆ្នាំ២០២០ ហើយនឹងត្រូវចាក់បញ្ជាំងនៅគ្រប់រោងភាពយន្តទាំងអស់នៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៨ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីភាពយន្តមួយនេះ ទទួលបានពានរង្វាន់ជាច្រើន និងចាក់បញ្ចាំងនៅក្នុងមហោស្រពអន្តរជាតិ។

ខ្សែភាពយន្តរឿង រសាត់អណ្ដែត ត្រូវបានសរសេរឡើងផ្អែកទៅព្រឹត្តការណ៍ពិត នៃបច្ចុប្បន្នភាព។ រឿងនេះជារឿងបែបសោកនាដកម្ម ដែលត្រូវបានថតស្ទើរតែទាំងស្រុងនៅលើផ្ទៃសមុទ្រប្រទេសកម្ពុជា ដែលរៀបរាប់ពីជីវិតក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ឈ្នោះ «ចក្រា» ជាជនជាតិខ្មែរដែលបានចាកចេញពីផ្ទះ និងស្រុកកំណើតរបស់ខ្លួនដើម្បីស្វែងរក ជីវិតដែលប្រសើរជាងមុន ប៉ុន្តែបែរជាធ្លាក់ខ្លួនធ្វើជាទាសករ នេសាទតាមទូកទៅវិញ។ រឿងនេះជារឿងដំបូងដែលនិយាយពីទាសភាពនាពេលបច្ចុប្បន្ននៅលើនាវានេសាទ ដែលស្ដែងចេញពីការពិតនៅក្នុងខ្សែភាពយន្ត។

ភាពយន្តខ្នាតធំមួយនេះ បានទទួលពានរង្វាន់ធំមួយ ពីមហោស្រពភាពយន្តអន្តរជាតិ ប៊ែកឡាំងឆ្នាំ២០១៩ ហើយមានការចាប់អារម្មណ៍ខ្លាំងជុំវិញពិភពលោក។ «រសាត់អណ្ដែត» ជាភាពយន្តខ្នាតវែងដំបូងបង្អស់របស់អ្នកនិពន្ធ និងជាអ្នកដឹកនាំជនជាតិអូស្ត្រាលីលោក Rodd Rathjen ដែលផលិតដោយក្រុមហ៊ុន Causeway Film របស់លោកស្រី Sam Jennings (រឿង cargo) និងលោកស្រី Kristina Ceyton (រឿង The Nightingale the Babadook)ជាមួយលោកស្រី Rita Walsh ដែលជាជំនួយការ។

អ្នកនិពន្ធ និងជាអ្នកដឹកនាំលោក Rodd Rathjen បានថ្លែងថា បទពិសោធន៍នៃការផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា គឺបទពិសោធន៍ដែលបានផ្លាសប្ដូរជីវិតរបស់លោក ហើយលោកមានកិត្តិយសណាស់ ដែលបានធ្វើការជាមួយតួសម្ដែង និងក្រុមការងារបច្ចេកទេស កម្ពុជា ថៃ វៀតណាម និងមីយ៉ាន់ម៉ា។ លោកថា នេះជាបទពិសោធន៍ដ៏អស្ចារ្យក្នុងជីវិតរបស់លោក។

ដោយឡែកសម្រាប់តួអង្គឯក គឺជាជនជាតិខ្មែរ ប្អូនប្រុស សំ ហេង ដែលមានអាយុ១៤ឆ្នាំ ជាតារាសម្ដែង មកពីខេត្តសៀមរាប បានដើរតួជាតួអង្គសំខាន់នៃភាពយន្ត ឈ្មោះចក្រា។ លោកមានឱកាសបង្ហាញខ្លួន ក្នុងខ្សែភាពយន្តនេះ នៅក្នុងមហោស្រពជាច្រើននៅជុំវិញពិភពលោក រួមជាមួយនឹងអ្នកដឹកនាំ និងក្រុមការងារផលិតកម្ម៕