(មេនឆេស្ទើ)៖ ក្រុម Manchester United នឹងវិលទៅកាន់លេខរៀងទី៧ នៃតារាង Premier League វិញ ប្រសិនបើអាចយកឈ្នះក្រុមភ្ញៀវ Liverpool ក្នុងសប្តាហ៍ទី៩ នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅកីឡដ្ឋាន Old Trafford។

បិសាចក្រហមដែលកំពុងឈរនៅលេខរៀងទី១២ ដោយមានតែ ៩ពិន្ទុនោះ នឹងហក់ទៅកាន់លេខ៧ វិញ ប្រសិនបន្ថែម ៣ពិន្ទុក្នុងផ្ទះរបស់ខ្លួននាចុងសប្តាហ៍នេះ ពេលជួបក្រុមមិនទាន់ចាញ់ និងស្មើ Liverpool ដែលកំពុងតែក្តោបក្តាប់តំណែងកំពូលតារាងដ៏រឹងមាំ មាន ២៤ពិន្ទុឆ្លងកាត់ ៨សប្តាហ៍នៃជើងទី១ នៅ Premier League រដូវកាលឆ្នាំ២០១៩-២០២០។

ក្នុងជំនួបដ៏សំខាន់ដែលមិនអាចមើលរំលងបាននេះ នឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ទាំង ៣ប៉ុស្តិ៍តែម្តងគឺ ស៊ីធីអិន ស៊ីអិនស៊ី និងម៉ាយធីវី នៅវេលាម៉ោង ២២៖៣០នាទីយប់ (ម៉ោងនៅកម្ពុជា) ក្រោយពេល Tottenham Hotspur ប៉ះក្រុមភ្ញៀវ Watford នាម៉ោង ៩យប់ថ្ងៃសៅរ៍មានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ម៉ាយធីវី និងក្រុមការពារតំណែងជើងឯក Manchester City ប៉ះម្ចាស់ផ្ទះ Crystal Palace ម៉ោង ១១៖៣០នាទីយប់ថ្ងៃសៅរ៍ដែរនោះ មានផ្សាយទាំង៣ប៉ុស្តិ៍ដូចគូ Man Utd និង Liverpool ដែរ។

គួរបញ្ជាក់ផងថា ក្រុមរបស់លោក Ole Gunnar Solskjaer ពុំដែលមានប្រវត្តិចាញ់ក្នុងដីម្តងណាឡើយ ក្រោមថ្វីជើងរបស់ Liverpool ក្នុងចំណោម ៤ប្រកួតចុងក្រោយគិតចាប់តាំងពីឆ្នាំ២០១៥ មក បើទោះបីជាក្រុមរបស់លោក Jurgen Klopp ឡើងជើងដល់កម្រិតណាក៏ដោយ អស់ណាស់គឺត្រឹមស្មើតែប៉ុណ្ណោះ។

ដូចគ្នានោះដែរ ក្រុមហ៊ុន CBS ក៏មានការផ្សាយបន្តផ្ទាល់ក្របខណ្ឌបាល់ទាត់លីគកំពូលអេស្ប៉ាញ La Liga ផងដែររវាង Atletico Madrid ប៉ះក្រុមភ្ញៀវ Valencia នៅលើកញ្ចក់ទូរទស្សន៍ ស៊ីអិនស៊ី និងគូ Real Madrid ប៉ះម្ចាស់ផ្ទះ Malloca នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២០ ខែតុលាទាំង ៣ប៉ុស្តិ៍ព្រមគ្នាតែម្តង៕