(មេនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba បន្តអវត្តមានក្នុងជំនួបធំដែល Manchester United ត្រូវប៉ះក្រុមភ្ញៀវ ហង្សក្រហម Liverpool នៅ Premier League នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅកីឡដ្ឋាន Old Trafford ដោយសារបញ្ហារបួសជើងមិនទាន់ជាសះស្បើយទាន់ពេល។

កីឡាករអន្តរជាតិបារាំង វ័យ២៦ឆ្នាំខាងលើនេះ ទើបតែបានចូលលេង ៥ប្រកួត ក្នុងចំណោម ៨ប្រកួតឲ្យ Man Utd ក្នុង PL នារដូវកាលឆ្នាំ២០១៩-២០២០ ក្រោយទទួលរងរបួសក្នុងជំនួបដែលបិសាចក្រហមបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១ ទល់នឹងកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Old Trafford។

ក្រៅពី Pogba ក្រុមរបស់លោក Ole ក៏អាចនឹងអវត្តមានកីឡាករចាំទីដៃទី១ David De Gea ផងដែរ ដោយសារមានបញ្ហារបួសសាច់ដុំពួរជើងខាងឆ្វេង ដែលត្រូវការ Scan នៅថ្ងៃព្រហស្បតិ៍នេះផងដែរ បន្ទាប់ពីរងរបួសក្នុងការចូលលេងឲ្យជម្រើសជាតិអេស្ប៉ាញនៃវគ្គជម្រុះ Euro 2020 ទល់នឹងស៊ុយអែតកាលពីរាត្រីថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

ការបាត់បង់កីឡាករសំខាន់ទាំងពីរនេះ រឹតតែធ្វើឲ្យ Man Utd ធ្វើការធ្ងន់ខ្លាំងឡើង ដ្បិតត្រូវប៉ះក្រុមខ្លាំងកំពូលតារាង Premier League ហង្សក្រហមដែលមិនទាន់ស្គាល់ចាញ់ និងស្មើឡើយ ក្រៅពីនាំមុខកំពូលដាច់ដល់ទៅ ៨ពិន្ទុផងនោះ គិតត្រឹមសប្តាហ៍ទី៨ ជើងទី១ មកនេះ គ្រាដែលបិសាចក្រហមកំពុងឈរនៅលេខរៀងទី១២ បណ្តោះអាសន្ន ពោលគឺនៅក្រៅតំបន់កាត់ចោលតែ ២ពិន្ទុប៉ុណ្ណោះ ក្រោយពេលរងបរាជ័យ ១-០ នៅក្នុងផ្ទះរបស់ Newcastle United ដែលជា ១ប្រកួតចុងក្រោយរបស់ពួកគេ៕