(ភ្នំពេញ)៖ លោក អែតវីន ពិធីករ និងតារាសម្ដែងហ៊ានថតស្រាតផងនោះ ក្រោយពីទទួលបានការគាំទ្រខ្លាំង ក្នុងរឿង «កូនពស់កេងកង» និងស្ពត់ពាណិជ្ជកម្ម ពេលនេះ កំពុងសាងការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទ្វេដង ក្នុងខ្សែភាពយន្តថ្មី គឺរឿង «តួខ្ញុំគេសម្ដែង» ដែលចាក់ផ្សាយដោយស្ថានីយទូរទស្សន៍ PNN ខណៈដែលបង្ហាញខ្លួនក្នុងឈុតដំបូងនៃរឿង «តួខ្ញុំគេសម្ដែង» អែតវីន បានលេចចេញនូវចំណុចពិសេស២យ៉ាង ធ្វើឲ្យទស្សនិកជន កាន់តែជក់ចិត្តខ្លាំងទៀត ទៅលើតួឯកប្រុសរូបនេះ។

ជាការពិត វត្តមានរបស់តារាសម្ដែងលោក អែតវីន ក្នុងរឿង «តួខ្ញុំគេសម្ដែង»​ ក្នុងនោះលោកត្រូវសម្ដែងជាច្រើនឈុត ពិសេសជាងខ្សែភាពយន្តមុនៗ ដែលលោកធ្លាប់បានសម្ដែង ហើយក៏មានឈុតឆាក ដែលលោកដើរតួជាស្ដេចរឿងល្ខោនទៀតផង។ ជាមួយគ្នានេះ គ្រាន់តែចេញជាឈុតខ្លី ​ចាក់ផ្សាយថ្ងៃដំបូង បានលេចចេញនូវចំណុចពិសេស២យ៉ាង ដោយលោកមិនធ្លាប់បានបង្ហាញពីមុនមកសោះ។ ចំណុចពិសេសទី១នោះ គឺ សម្ដែងជាតួអង្គស្ដេចនៅក្នុងរឿងល្ខោនបុរាណខ្មែរ បានយ៉ាងល្អ ប្រៀបដូចជាអ្នកអាជីពក្នុងរឿងល្ខោន។ រីឯចំណុចពិសេសដ៏គួរឲ្យទាក់ទាញទី២របស់លោកនោះ គឺ​គ្រាន់តែជួបតួអង្គដែលជាមនុស្សស្រីភ្លាម លោកហ៊ានពោលពាក្យលួងលោម កោតសរសើរពីមនុស្សស្រី ធ្វើឲ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍​តែម្ដង​។ ទាំងអស់នេះហើយដែលជាចំណុចពិសេសៗ រួមទាំងភាពទាក់ទាញ របស់ប្រុសសង្ហារ អែតវីន ក្នុងឈុតដំបូងនៃរឿង «តួខ្ញុំគេសម្ដែង»។

យ៉ាងណាមិញ នេះជាចំណីអារម្មណ៍ប្លែកមួយទៀត សម្រាប់ទស្សនិកជន ដែលបានទស្សនាក៏ដូចជាបានដឹងពីសមត្ថភាព ​និងជំនាញសិល្បៈរបស់លោក អែតវីន ដោយលោកបានបង្ហាញអ្វី ដែលជារសជាតិថ្មីមួយបែបទៀត ដើម្បីបង្ហាញដល់ប្រិយមិត្តទស្សនិកជន ខណៈសព្វមួយដង គេធ្លាប់តែឃើញលោកសម្ដែងជាតួអង្គបែបជាយុវវ័យ និងព្រាននារីជាដើម។

ក្នុងនោះផងដែរ ទស្សនិកជនរួមទាំងអ្នកគាំទ្រ កំពុងតែទន្ទឹងរង់ចាំនូវឈុតឆាកពិសេសៗ របស់អែតវីន ក្នុងរឿងថ្មីនេះបន្ថែមទៀត និងកាន់តែចង់ដឹងថា លោកនឹងមានអ្វីដែលថ្មីបន្ថែមទៀត ក្នុងសាច់រឿង «តួខ្ញុំគេសម្ដែង» ដែលកំពុងនឹងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍៕