(ភ្នំពេញ)៖ លោក សែម រ៉ាម៉ន ត្រូវបានទស្សនិកជនក្នុងស្រុកស្គាល់ថា គឺជាម្ចាស់ជយលាភីតារាឯក ក្នុងស្ថានីយវិទ្យុនាគពន្ធ័ ក្នុងខេត្តកំពង់ចាមនៅអំឡុងឆ្នាំ ២០០៩។ សព្វថ្ងៃលោកធ្វើជាតារាចម្រៀងមួយរូប ទៅប្រទេសកាដាណា ដោយទទួលបានការពេញចិត្តយ៉ាងខ្លាំងពីបងប្អូននៅទីនោះ។ យ៉ាងណាមិញ បច្ចុប្បន្នលោកបានត្រឡប់មកទឹកដីកំណើត ប្រទេសកម្ពុជា ដើម្បីចូលរួមប្រឡងចម្រៀង ក្នុងមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩ ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពាក់ព័ន្ធជាច្រើនទៀត។

ដោយសារការស្រឡាញ់ចូលចិត្តវិស័យសិល្បៈ ផ្នែកចម្រៀង តារាប្រុសល្បីឈ្មោះនៅក្រៅប្រទេស លោក សែម រ៉ាម៉ន បានព្យាយាមហាត់ពត់លត់ដំសមត្ថភាពរបស់ខ្លួនជាច្រើនខែឆ្នាំមកហើយ លើការច្រៀងទាំងផ្នែកបុរាណ និងសម័យ ដើម្បីត្រៀមបញ្ចេញសមត្ថភាពក្នុងការប្រកួតក្នុងមហោស្រពសិល្បៈចម្រៀងខ្មែរ ជាសកល លើកទី៥ ឆ្នាំ២០១៩នេះ។

ជាការកត់សម្គាល់ កម្មវិធី មហាស្រពសិល្បៈចម្រៀងខ្មែរ ជាសកល គឺជាការប្រកួតប្រជែកប្រឡងចម្រៀងខ្មែរលំដាប់ជាតិ ដែលរួមបញ្ចូលជាមួយនឹងវិញ្ញាសារពីរទម្រង់ គឺវិញ្ញាសារបទចម្រៀងបុរាណខ្មែរ និងវិញ្ញាសារបទចម្រៀងសម័យខ្មែរ។ អ្វីដែលពិសេស បន្ទាប់ពីមានការប្រកួតប្រជែកជម្រុះបេក្ខជននៅតាមបណ្តាខេត្តនានា ទូទាំងប្រទេសកម្ពុជាហើយនោះ ក៏មានបេក្ខជន-បេក្ខនារីខ្មែរ ដែលរស់នៅក្រៅប្រទេសផងដែរ ដូចលោក សែម រ៉ាម៉ន ដែលជាបេក្ខជនខ្មែរ មកពីប្រទេសកាណាដាជាដើម។ ក្រៅពីនោះគឺមាន បេក្ខជនមកពីប្រទេស សហរដ្ឋអាមេរិក, បារាំង, អូស្ត្រាលី និងជប៉ុនជាដើម។

គួរជម្រាបថា កម្មវិធី មហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩ គឺចាប់ផ្តើមបើកវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅសាលសន្និសិទ ចតុមុខ ចាប់ពីវេលាម៉ោង២រសៀលតទៅ និងវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ។ បងប្អូនប្រជាពលរដ្ឋខ្មែរអាចចូលរួមទស្សនាការប្រកួតដោយសេរី ដើម្បីជួយជាសាក្សីនៃការផ្តល់ពិន្ទុ ជាពិសេស គឺដើម្បីចូលរួមគាំទ្រសិល្បៈចម្រៀងខ្មែរ៕