(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញធ្វើការបំភ្លឺភ្លាមៗ បន្ទាប់ពីមានអ្នកគាំទ្រធ្វើការរិះគន់រឿងរុះរើបដារបស់ពួកគេពីសំណាក់សន្ដិសុខ (ប៉េអឹម) អំឡុងការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិអុីរ៉ាក់ កាលពីយប់មិញក្នុងវគ្គជម្រុះ FIFA World Cup 2022។

FFC បានធ្វើការបកស្រាយលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា «ក្រោមការដឹកនាំពីស្នងការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) មិនអនុញ្ញាតឲ្យមានបដាផ្សេងៗជៀសវាងករណីនយោបាយ ដោយក្នុងនោះរាល់បដាទាំងអស់នឹងត្រូវកំណត់រុះរើទំាងអស់ រួមមានបដារបស់ក្រុមដែលប្រើប្រាស់ភាសាចិន ក្រុម Ultra Cambodia និងក្រុមកងទ័ពអង្គរ»

«ក្រោយពីបានរុះរើបដាដែលប្រើភាសាចិនរួច កម្លាំងសន្តិសុខបន្តរុះរើដល់បដារបស់ក្រុមអ្នកគាំទ្រ Ultra Cambodia។ ដោយបានដឹងពីករណីខាងលើនេះ មន្រ្តីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទៅពន្យល់ពីខ្លឹមសារនៅក្នុងបដារបស់ក្រុមអ្នកគាំទ្រទៅកាន់ស្នងការការប្រកួតដែលមកពី FIFA។ ស្នងការការប្រកួតដែលមកពី FIFA ក៏អនុញ្ញាតឲ្យប្រើប្រាស់បដាដែលមានខ្លឹមសារ គាំទ្រក្រុមឡើងវិញ»

«ក្រោមការអន្តរាគមន៍ពីមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចុះទៅជូនដំណឹងដល់ក្រុមអ្នកគាំទ្រ Ultras Cambodia អាចប្រើប្រាស់បដាឡើងវិញបាន។ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពិតជាមានការសោកស្តាយចំពោះករណីភ័ន្តច្រឡំនេះ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះក្រុមអ្នកគាំទ្រជម្រើសជាតិកម្ពុជា មានដូចជាក្រុម Ultras Cambodia ក្រុម Angkor Army ក្រុមអ្នកគាំទ្រផ្សេងៗ និងបងប្អូនទំាងអស់ដែលមានឆន្ទៈមុះមុត គាំទ្រក្រុមជម្រើសជាតិកម្ពុជា ទោះជាក្នុងកាលៈទេសៈណាក៏ដោយ»

ទោះបីមានការបកស្រាយបែបនេះក្ដី ក៏មិនអាចធ្វើឲ្យអ្នកគាំទ្រមានការស្ងប់ចិត្ត ដោយពួកគេបានសម្ដែងការមិនពេញចិត្ត ចំពោះទង្វើខាងលើ។ យ៉ាងណាមិញមន្ដ្រី FFC បានបញ្ជាក់ថា ចំពោះករណីនេះ សហព័ន្ធគោរពតាមគោលការណ៍សហព័ន្ធអន្ដរជាតិ ហើយសហព័ន្ធកីឡាបានចូលរួមសម្របសម្រួលភ្លាមៗផងដែរ ដូច្នេះសហព័ន្ធបានសុំការយោគយល់ពីអ្នកគាំទ្រ តាមរយៈការបកស្រាយខាងលើ។

គួរបញ្ចាក់ថា ចំពោះលទ្ធផលការប្រកួតកាលពីយប់មិញ គឺក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិអុីរ៉ាក់ ដោយលទ្ធផល ៤-០ ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី ខណៈការប្រកួតនេះមានអ្នកគាំទ្រចំនួន ៤៨,២៥៨នាក់ បានចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ៕