(ភ្នំពេញ)៖ បណ្តាអ្នកគាំទ្រ និងមិត្តរួមអាជីពសិល្បៈបានចូលរួមកាន់ទុក្ខ តារាកូរ៉េស្រី Sulli ដែលស្លាប់ដោយសារជំងឺ Depression. ការចូលរួមកាន់ទុក្ខ Sulli ពេលនេះ គឺធ្វើឡើងតាមរយៈការបង្ហោះសារ ជាបន្តបន្ទាប់ក្នុងបណ្តាញសង្គម។ ទន្ទឹមគ្នានេះ​ មានមនុស្សជាច្រើន បានស្នើរដល់ក្រសួងសុខាភិបាលប្រទេសកូរ៉េ ឲ្យយកចិត្តទុកដាក់ពីជំងឺ depression ជាជាងគិតលុយជាធំ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

អ្នកគាំទ្រម្នាក់បានសរសេរសារថា «ខ្ញុំសង្ឃឹមថា Sulli គឺជាមនុស្សចុងក្រោយ ដែលធ្វើអត្តឃាតខ្លួនឯង ដោយសារជំងឺ Depression»

ងាកមក ខណៈ Goo Hara ជាមិត្តជិតស្និតនឹង Sulli ដែលត្រូវបានអ្នកគាំទ្រដឹងថា នាងក៏ធ្លាប់ទទួលរងនូវជំងឺបាក់ទឹកចិត្ត ហើយព្យាយាមធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែត្រូវបានគេជួយសង្រ្គោះជីវិតទាន់ពេលផងនោះ ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខ Sulli ដែរ ដោយប្រើប្រាស់នូវឈ្មោះពិតរបស់ Sulli យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា Jin-ri (Sulli) បានទៅកាន់សុខគតិភព»

កូរ៉េខាងត្បូងជាប្រទេសមួយ ដែលមានអាត្រាធ្វើអត្តឃាតខ្ពស់ ដែលភាគច្រើនគឺកើតឡើងលើមនុស្សដែលមានវ័យក្រោម ៤០ឆ្នាំ។ នេះបើយោងតាមតួរលេខ ដែលបង្ហាញដោយរដ្ឋាភិបាលកូរ៉េ នាពេលថ្មីៗនេះ។ ជាក់ស្តែង មរណភាពរបស់តារាស្រី Sulli គឺដូចគ្នាទៅនឹងការស្លាប់របស់តារាប្រុស Jonghyun ដែលដើមហេតុ គឺសុទ្ធសឹងតែដោយសារជំងឺ Depression. តារា K-POP ប្រុស Jonghyun បានស្លាប់នៅឆ្នាំ២០១៧ បន្ទាប់ពីមានជំងឺបាក់ទឹកចិត្ត។ តារាប្រុសស្រីទាំងពីរនេះ ត្រូវបានគេដឹងថា សុទ្ធតែជាតារាក្នុងផលិតកម្ម SM ដែលជាផលិតកម្មធំមួយក្នុងប្រទេសកូរ៉េខាងត្បូង។

គួរជម្រាបថា Sulli គឺជាអតីតសមាជិកក្រុម F(x) របស់ SM Entertainment កាលពីឆ្នាំ២០០៩។ តែយ៉ាងណា ក្នុងឆ្នាំ២០១៤ នាងបានចាកចេញពីក្រុមនេះ ដើម្បីមកធ្វើជាតារាសម្តែងវិញម្តង៕