(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមភ្ញៀវអ៊ីរ៉ាក់ នៅពហុកីឡដ្ឋានជាតិក្នុងវគ្គជម្រុះ FIFA World Cup 2022 ចាប់ផ្តើមហើយនាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃអង្គារ ទី១៥ ខែតុលា ឆ្នាំ២០១៩។

នេះជាការប្រកួតលើកទី៤ នៃវគ្គសន្សំពិន្ទុប្រចាំពូល C របស់កម្ពុជា ក្រោយឆ្លងកាត់ ៣ប្រកួត មិនដែលឈ្នះ ស្មើ១ និងចាញ់២ រកបានតែ១ពិន្ទុប៉ុណ្ណោះឈរនៅបាតតារាង គ្រាដែលនេះជាការប្រកួតលើកទី៣ របស់អ៊ីរ៉ាក់ ក្រៅពីស្មើ១ និងឈ្នះ១ មិនដែលចាញ់ រកបាន ៤ពិន្ទុឈរនៅលេខរៀងទី២ បណ្តោះអាសន្ន។

កម្ពុជា បើឈ្នះ ឬស្មើ នឹងឡើងទៅឈរនៅលេខរៀងទី៤ វិញ រុញច្រានហុងកុង ដែលមានតែ ១ពិន្ទុមកឈរនៅបាតតារាងវិញ តែនៅសល់ ១ប្រកួតក្នុងដៃ ក្រៅពីឆ្លងកាត់ ៣ប្រកួត ស្មើ១ និងចាញ់២ មិនដែលឈ្នះដូចកម្ពុជាដែរ៕