(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់កញ្ញា ស៊ីន យូប៊ីន ត្រូវបានទស្សនិកជនសង្កេតឃើញថា នាងមានប្រជាប្រិយភាពយ៉ាងខ្លាំង ព្រមទាំងមានការគាំទ្រទាំងទស្សនិកជនក្នុង និងក្រៅស្រុកទៀតផង។ យ៉ាងណាមិញ ស្របពេលដែលការងារសម្ដែងក្នុងស្រុក កំពុងតែសន្ទុះខ្លាំង ថ្មីៗនេះតារាសម្ដែងកញ្ញា ស៊ីន យូប៊ីន ក៏ត្រូវបានកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍មួយ ក្នុងប្រទេសថៃ បានអញ្ជើញនាងឲ្យចូលរួមធ្វើជាតារាកិត្តិយស យ៉ាងភ្ញាក់ផ្អើលតែម្ដង។
កំពុងតែត្រូវបានគេមើលឃើញថា ជាតារាមួយរូប ដែលកំពុងតែមានទីផ្សារការងារខ្លាំង មិនត្រឹមតែនៅកម្ពុជាជាប្រទេសកំណើតប៉ុណ្ណោះទេ សូម្បីតែក្រៅប្រទេសដូចជាថៃ ក៏នាងតែងចេញចូលជាញឹកញាប់ ព្រោះមានការងារចូលមករកនាង ជាហូហែរមិនថាការសម្ដែងភាពយន្ត ឬការអញ្ជើញឲ្យចូលរួមកម្មវិធីផ្សេងៗជាដើម។ ជាក់ស្ដែងថ្មីៗនេះ ក៏លេចវត្តមាននាង រួមជាមួយនឹងតារាថៃល្បីៗជាច្រើនរូប ក្នុងទូរទស្សន៍ថៃ។
ជាការពិតណាស់ ថ្មីៗនេះកញ្ញា ស៊ីន យូប៊ីន បានបង្ហោះរូបភាពជាច្រើនសន្លឹក នៅក្នុងគណនីហ្វេសប៊ុក និងអុីនស្តាក្រាមផ្ទាល់របស់ខ្លួន ដែលរូបភាពទាំងអស់នោះ បានបង្ហាញពីសកម្មភាព សម្ដែងនៅលើឆាក ដែលប្រកបទៅដោយស្នាមញញឹម និងភាពស្និទ្ធស្នាល រវាងតារាកម្ពុជា និងតារាថៃ។
គួរជម្រាបថា ក្រៅពីមមាញឹកសម្តែងនៅប្រទេសថៃ ពេលនេះ ស៊ិន យូប៊ិន កំពុងបន្តបេសកកម្មដ៏មមាញឹកមួយទៀត គឺចូលរួមកម្មវិធី «Silk Road international film festival» ជាមួយគូស្នេហ៍ គឺលោក ខាត់ វៃហាំង តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។ នេះជាកិត្តិយសសម្រាប់អ្នកទាំងពីរ ជាមួយនឹងការទទួលបានឱកាសថ្មី ឆ្ពោះទៅកាន់កម្មវិធីដ៏ធំមួយ នៅលើឆាកអន្តរជាតិ ឯប្រទេសចិន ហើយទាំងនេះក៏ជាកិត្តិយសរបស់វិស័យសិល្បៈ កម្ពុជាទាំងមូលផងដែរ៕