(ភ្នំពេញ)៖ តារាចម្រៀងរ៉េប និងជាកវីនិពន្ធ គឺឌីជេ ក្លាំ ក្រោយពីបានប្រឡូកចូលក្នុង​វិថីសិល្បៈរាប់ឆ្នាំ ទើបតែពេលនេះ លោកហាក់ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ខ្លាំង​ពីសំណាក់ទស្សនិកជន តាមរយៈបទចម្រៀងដែលលោក បាននិពន្ធ មានដូចជាបទ «ចាក់កន្ទុយលេខជល់មាន់» និងបទ «អ្នករត់កង់បីស៊េរីថ្មី»​។

ជាការពិត មួយរយៈចុងក្រោយនេះ ​បទ «ចាក់កន្ទុយលេខជល់មាន់» កំពុងតែមាន​ការគាំទ្រច្រើន​ ពីបងប្អូនមហាជនគ្រប់ទិសទី។ តាមរយៈបទចម្រៀងដែលលោក​បានបញ្ចេញជាច្រើន ​មានដូចជាបទ «ចាក់កន្ទុយលេខជល់មាន់», «អ្នករត់កង់បីស៊េរីថ្មី» និង «បទទឹកភ្នែកពលករ» ដែល​បទ​ទាំងអស់នេះ គឺសុទ្ធតែជាបទ​កំពុងពេញនិយម និងផ្ទុះខ្លាំង។

ដោយឡែក តារាចម្រៀងរ៉េប និងជាកវីនិពន្ធ ​មានដើមកំណើតមកពីខេត្តកណ្ដាលរូបនេះ ត្រូវបានទស្សនិកជនជាច្រើន ធ្វើការកោតសរសើរមិនដាច់ពីមាត់ថា មានអត្តចរិតស្លូតបូត រួសរាយរាក់ទាក់។ បើនិយាយពីទេពកោសល្យវិញ ឌីជេ ក្លាំ មានភាពប៉ិនប្រសព្វក្នុងការនិពន្ធបទចម្រៀង ប្រកបដោយមនោសញ្ចេតនា និងចាក់ដោតដល់អារម្មណ៍ទស្សនិកជន មិនថាបទបែបមនោសញ្ចេតនា ឬញាក់កន្រ្តាក់អារម្មណ៍នោះទេ។ ជាពិសេស បើទៅលើអត្ថន័យបទចម្រៀងនីមួយៗ ​ក៏ដូចជាការបកស្រាយ គឺមានទម្ងន់ និងពោរពេញ​ទៅដោយទឹកដមពីរោះ។

គួរបញ្ជាក់ថា ឌីជេ ក្លាំ ​មានស្រុកកំណើតនៅឯភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។ លោកគឺជាកូនទី៤ ក្នុងចំណោមបងប្អូន១០នាក់។ ឌីជេ ក្លាំ បានប្រឡូកចូលសិល្បៈ ជាច្រើនឆ្នាំមកហើយ តែហាក់គ្មានឱកាសបានល្បី ដូចតារាចម្រៀងដទៃនោះទេ ទើបតែមួយរយៈពេលចុងក្រោយនេះ ឌីជេ ក្លាំ ហាក់មានការគាំទ្រ និងមានទស្សនិកជនស្គាល់ច្រើន តាមរយៈបទចម្រៀងជាច្រើនបទរបស់លោក ដែលកំពុងចរាចរលើទីផ្សារសិល្បៈ ជាពិសេសគឺបទ «ចាក់កន្ទុយលេខជល់មាន់» និង​បទ «អ្នករត់កង់បីស៊េរីថ្មី» គឺពេញនិយមខ្លាំង ពីស្រទាប់មហាជនតែម្ដង​៕