(ភ្នំពេញ)៖ អតីតតន្ត្រីករ លោក គឹម ចាន់រតនា ទើបតែធ្វើឱ្យមហាជនមានការកោតសរសើរ បន្ទាប់ពីក្លាយជាម្ចាស់ជំនួញដីឡូតិ៍ក្រោយការតស៊ូកន្លងមក ពេលនេះស្រាប់តែបញ្ចេញ MV ច្រៀងខ្លួនឯងមួយបទ ធ្វើឱ្យម្នាក់ៗ មិនចាប់អារម្មណ៍មិនបានទៀតហើយ ជាមួយនឹងបទ «ទំនួញអកឈ្មោល» ដ៏លន្លង់លន្លោច។ ក្នុងពេលប្រឡូកជាតន្ត្រីករ លោកមិនមែនជាអ្នកចម្រៀងនោះទេ ភរិយារបស់លោក គឺអ្នកស្រី ជិន វណ្ណារី ឯណោះទេ ជាអ្នកចម្រៀង ប៉ុន្តែនៅពេលបានស្ដាប់សំលេងរបស់លោក អាចនិយាយបានថា មិនចាញ់តារាចម្រៀងអាជីព។

លោក គឹម ចាន់រតនា បញ្ជាក់ថា បើទោះជាលោកបានក្លាយជាម្ចាស់ក្រុមហ៊ុនពុះឡូតិ៍ ដែលមានដើមទុនខ្ទង់លានដុល្លារក្នុងដៃក្រោយការតស៊ូ តែលោកមិន​ដែលបំភ្លេចសិល្បៈនោះទេ ជាពិសេសអនុស្សាវរីយ៍ ប្ដីលេងភ្លេង ប្រពន្ធអ្នកច្រៀង ហើយប្រឹងធ្វើការក្នុងវង់អកកេសរកលុយបង់ឈ្នួលផ្ទះ និងសុខចិត្តជំពាក់គេឯង យកលុយមកទិញថោកៗទុកនោះ។ ក្រៅពីរៀបវង់ភ្លេងនៅផ្ទះដើម្បីរំលឹកអាជីព លោកក៏គ្រោងផលិតបទចម្រៀងជួយដល់តារាក្មេងៗអោយមានបទថ្មី ខណៈដែល​លោកផលិតបទ «ទំនួញអកឈ្មោល» ដែលជាសំនៀងផ្ទាល់ខ្លួន គឺមិនមែនចង់ល្បីនោះទេ ពោលគឺដើម្បីបំពេញសេចក្ដីស្រលាញ់ និងកុំឱ្យភ្លេចថា ​ខ្លួនមានកំណើតចេញពី​អ្នកសិល្បៈកាលពីនៅក្រលំបាក។ លោកប្រកាសបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនបន្តបន្ទាប់ទៀត ដោយអាចនឹងមានបទរបស់ភរិយាផង បន្ទាប់ពីមួយបទ «ទំនួញអកឈ្មោល» ត្រូវបានដាក់បង្ហោះ។

គួរបញ្ជាក់ថា លោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណៈភរិយាគឺជាអ្នកចម្រៀងក្នុងវង់អកកេសមួយកាលពីប្រមាណ១០ឆ្នាំ ដោយសូម្បីតែឈ្នួលបង់ផ្ទះ ក៏ស៊ឹងមិនចង់មាន។ បច្ចុប្បន្នលោក និងភរិយា គឺជាម្ចាស់ក្រុមហ៑ុន LYK គឹមចាន់រតនា ហ្សាណា ដែលមានគម្រោងដីពុះឡូតិ៍ធំៗជាច្រើនគម្រោង ប្រកាសលក់នៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ៕