(ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក «X Factor Cambodia» ខណៈបច្ចុប្បន្នកម្មវិធីនេះ គឺឈានដល់វគ្គ Live Show សប្តាហ៍ទី៧ហើយ។ ក្នុងនោះ លោក ណុប បាយារិទ្ធ ក្នុងនាមជាគណកម្មការមួយរូប បានបង្ហាញនូវអារម្មណ៍ពិត ចំពោះកូនក្រុមនារីរបស់ខ្លួនទាំង៣នាក់ ដែលត្រូវជម្រុះចេញពីកម្មវិធី ក្នុងនោះមានដូចជា៖ កញ្ញា លីលី, កញ្ញា សុច្ចការ និងកញ្ញា នឿថង។

ជាក់ស្តែងក្នុងបណ្តាញសង្គមរបស់លោក ណុប បាយារិទ្ធ បានបង្ហោះសារដ៏វែងយ៉ាងដូច្នេះថា៖ «ពេលវេលាជាច្រើនខែ ដែលពួកយើងបានធ្វើការជាមួយគ្នា ពីកម្មវិធី X Factor Cambodia រដូវកាលទី១ បានធ្វើឲ្យពួកយើងបានស្គាល់គ្នា មានអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា។ បងពិតជាសប្បាយចិត្ត ដែលទទួលបានប្អូនៗមកធ្វើជាកូនក្រុម ហើយបងពិតជាមានមោទនភាព ដែលឃើញការខិតខំប្រឹងប្រែងរបស់ប្អូនៗ អ្នកទាំងអស់គ្នា តែងតែសាងក្តីរំភើបនៅក្នុងអារម្មណ៍បង។ បងពិតជាអរគុណណាស់ ដែលប្អូនៗ មិនដែលធ្វើឲ្យបងខកបំណង ជាមួយនឹងការបញ្ចេញសមត្ថភាពរបស់ប្អូន»

លោកបន្តថា «តាំងពីថ្ងៃដំបូងដែលពួកយើងជួបគ្នា រហូតដល់ថ្ងៃដែលប្អូនៗចាកចេញពីកម្មវិធី ចាកចេញពីបង ដំបូង លីលី បានចាកចេញនៅ live show សប្តាហ៍ទី២ បន្ទាប់មក សុច្ចការ បានចាកចេញនៅ live show សប្តាហ៍ទី៥ ហើយយប់ live showសប្តាហ៍ទី៧ គឺនឿថង តែបងនៅតែមានមោទនភាពចំពោះប្អូនៗ ទោះការធ្វើដំណើររួមគ្នារបស់យើង មិនអាចទៅដល់គោលដៅចុងក្រោយ នៃកម្មវិធីតែបងជឿថាសមត្ថភាព សម្លេង និងឈ្មោះរបស់ប្អូនៗ នៅតែឋិតក្នុងបេះដូងទស្សនិកជនទូរទាំងប្រទេស។ ហើយប្អូនៗខ្លួនឯងក៏ប្រាកដថានៅតែរឹងមាំ មិនចុះចាញ់ មិនបោះបង់ក្តីស្រម៉ៃរបស់ខ្លួន។ ពិតណាស់បើជីវិត មិនធ្លាប់ជួបបរាជ័យសោះ យើងក៏មិនអាចក្លាយជាមនុស្សរឹងមាំបានដែរ រឹតតែមិនស្គាល់ពីតម្លៃនៃការប្រុងប្រយ័ត្ន ដូច្នេះហើយពេលខ្លះបរាជ័យ គឺជាបទពិសោធន៍ បរាជ័យគឺជាមេរៀន ដែលត្រូវយកវាមករៀនសារជាថ្មី ហើយបរាជ័យ គឺជាគ្រូ ដែលធ្វើឲ្យយើងកាន់តែមានបទពិសោធន៍ គ្រប់បរាជ័យសុទ្ធតែមានអ្វីមកបង្រៀន និងប្រាប់យើង រីករាយទទួលយកបរាជ័យ ដើម្បីកាន់តែស្គាល់ពីតំលៃនៃជំនះ ដែលជាគុណតម្លៃមួយ ដែលមិនងាយ និងបានមកដោយងាយៗ។ ដូច្នេះទទួលយកបរាជ័យហើយ ពង្រឹងគោលជំហរតស៊ូប្រឹងប្រែងជាថ្មី ដោយស្មារតី និងឆន្ទៈមិនមែនជារឿងអាមាសនោះទេ តែបើជួបបរាជ័យហើយបោះបងចោលដោយការរៀងចាលនោះទើបជារឿងអាមាស»

លោក ណុប បាយារិទ្ធ បន្តថា «បងជូនពរឲ្យប្អូនៗសម្រេចបំណងប្រាថ្នារបស់ខ្លួន ហើយបន្តរខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបន្តរទៅមុខទៀត ថ្ងៃមួយប្អូន និងអាចដណ្តើមយកជ័យជំនះមកកាន់ក្នុងដៃខ្លួនឯង ដើម្បីបង្ហាញដល់មនុស្សជុំវិញខ្លួនបាន ។ សូមឲ្យប្អូនៗមានសំណាងល្អគ្រប់ៗគ្នា បងចង់ប្រាប់ថាស្រលាញ់ប្អូនៗគ្រប់គ្នា បើមានឱកាសយើងនិងបានជួបគ្នាម្តងទៀត ស្វែងរកពេលវេលាដ៏ល្អមួយក្លាហានដើរចូលទៅរកក្តីសុបិន្តម្តងទៀត ហើយប្រើសមត្ថភាពលាក្តីសុបិន្តរបស់ខ្លួន ដើរទៅឲ្យដល់ជោគជ័យពិត»

ជាមួយនឹងការបញ្ចេញខ្លឹមសារខាងលើ ពីសំណាក់តារាចម្រៀងល្បីលោក ណុប បាយារិទ្ធ ពេលនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលរួមកោតសរសើរនឹងទឹកចិត្តរបស់លោក ក្នុងការលើកទឹកចិត្តដល់កូនក្រុម ជាពិសេសបេក្ខជនដែលបានបរាជ័យក្នុងកម្មវិធីន X Factor Cambodia. ជាមួយគ្នានេះដែរ ក៏គេឃើញថា កញ្ញា លីលី កញ្ញា ជាតិ សុច្ចកា និងកញ្ញ នឿថង បានចូលមក Comment ថ្លែងអំណគុណដល់គ្រូបង្វឹករបស់ខ្លួនផងដែរ៕