(ភ្នំពេញ)៖ ទស្សនិកជនបានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឮដំណឹងថា តារាសម្តែងស្រីថៃល្បីឈ្មោះ Pancake ត្រូវបានចោរលួចរបស់របរមានតម្លៃជាច្រើន​ពីរថយន្ត អំឡុងពេលទៅចម្រៀងនៅទឹកដីអាមេរិក។ ការបង្ហាញភាពភ្ញាក់ផ្អើលនេះ គឺដោយសារតែទស្សនិកជនភាគច្រើនគិតថា ជាទូទៅអំពើលួចប្រភេទនេះកើតឡើងភាគច្រើន តែនៅប្រទេសតូចៗ​ កំពុងអភិវឌ្ឍន៍ ​មិនទាន់មានប្រព័ន្ធការពារសុវត្ថិភាពជាដើម តែនេះបានកើតឡើងនៅទឹកដីមហាអំណាច គឺសហរដ្ឋអាមេរិក ដែលគ្រប់គ្នាដឹងថាជាប្រទេសអភិវឌ្ឍន៍នោះ។ ជាក់ស្តែង រថយន្តរបស់តារាថៃ Pancake ត្រូវបានចោរវាយកញ្ចក់ខ្ទេច ហើយថែមទាំងលួចរបស់មានតម្លៃជាច្រើនផងដែរ។

តាមរយៈវីដេអូបង្ហោះលើបណ្តាញ Instagram, Pancake បានរៀបរាប់ពីដំណើរដើមរឿងទាំងអស់ គឺក្រោយត្រលប់មកពីបញ្ចប់ការងារ​និងដំណើរកម្សាន្តវិញ ក៏បានប្រទះឃើញ​កញ្ចក់រថយន្តរបស់នាងបែក ហើយកាបូបនៅក្នុងឡាន​ ដែលមានផ្ទុកនូវឯកសារសំខាន់ៗជាច្រើនដូចជា៖ ការបូបស្ពាយមួយ, កាមេរ៉ា, ទូរស័ព្ទ, Ipad ហើយអ្វីដែលសំខាន់បំផុត គឺលិខិតឆ្លងដែនចំនួនពីរ។ ក្រោយ​កើត​ហេតុភ្លាមៗ Pancake បានស្នើឱ្យមាន​ដំណោះស្រាយ​​ចំពោះ​បញ្ហា​នេះ និងស្នើសុំ​រៀបចំឯកសារ​ជាថ្មីឲ្យបានលឿនបំផុត ដើម្បីមកប្រទេស​ថៃវិញ។

Pancake បន្ថែមថា នេះជាលើកដំបូងហើយ ដែលនាងជួបបញ្ហាខាងលើ។ នាងក៏បានផ្ដាំផ្ញើរដល់មហាជនទាំងអស់ សូមមាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យបានច្រើន មិនថាទៅ​ណា​មក​ណា​នោះទេ គឺមិនត្រូវទុករបស់​របរសំខាន់ៗ នៅក្នុងឡាន​ចោលជាដាច់ខាត ពោលត្រូវ​យក​តាមខ្លួន​គ្រប់ពេល ជៀសវាងកើត​មានករណី​​ដូចជានាង។ នាងក៏សូមអរគុណដល់ទីភ្នាក់ងារទាំងអស់ ដែល​បានជួយសម្រួល ហើយ​ពេលនេះ​នាង​បាន​ត្រលប់មកដល់ប្រទេសថៃវិញ​ ដោយ​សុវត្ថិភាពហើយ។

គួរជម្រាបថាថ្មីៗនេះ Pancake ទៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញឲ្យចូលរួមដើរម៉ូតនៅក្នុងកម្មវិធី «LA Fashion Week 2019» ដែលធ្វើឡើងនៅក្នុង​រដ្ឋ​កាលី​ហ្វញ៉ា សហរដ្ឋអាមេរិក។ បច្ចុប្បន្នតារាស្រីរូបនេះ បានទៅដល់ប្រទេសថៃវិញហើយ ខណៈហេតុការខាងលើប្រៀបបាននឹងបទពិសោធន៍មួយក្នុងជីវិតរបស់នាង ហើយក៏ជាការជូនដំណឹងដល់មហាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ៕