(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ីដែលជាក្រុមខ្លាំងមួយលេងមិនទាន់ចាញ់នៃវគ្គសន្សំពិន្ទុប្រចាំពូល C ដោយឈ្នះ១ និងស្មើ១ គ្រាដែលលោក Strichko Katanetch គ្រូបង្វឹកអ៊ីរ៉ាក់ បានប្រាប់កូនក្រុមត្រូវត្រៀមឲ្យបាន ១២០% ដើម្បីប្រជែងយក ៣ពិន្ទុត្រឡប់ទៅផ្ទះវិញ។

លោក Strichko Katanetch បានបញ្ជាក់ថា ចំពោះការបរាជ័យរបស់កម្ពុជា ក្រោមថ្វីជើងអ៊ីរ៉ង់កាលពីថ្មីៗ គឺជារឿងផ្សេង សំខាន់លោកផ្ដោតលើការប្រកួតជាមួយកម្ពុជា ដោយត្រូវឲ្យបានល្អបំផុត ដើម្បីសម្រេចគោលដៅដណ្ដើមយក ៣ពិន្ទុ និងរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ។ នេះបើតាមការថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីម្សិលមិញ។

បុរសវ័យ ៥៦ឆ្នាំរូបនេះនិយាយថា «សម្រាប់ការប្រកួតថ្ងៃស្អែក (ថ្ងៃអង្គារ) គឺជាថ្ងៃថ្មី ហើយខ្ញុំតែងរំឮកដល់កីឡាករខ្ញុំ គឺមិនត្រឹមប្រមូលអារម្មណ៍ និងយកចិត្តទុកដាក់ត្រឹមតែ ១០០% ទេ គួរតែត្រៀម ១២០% ពីព្រោះក្នុងបាល់ទាត់ រឿងអ្វីក៏អាចកើតឡើងបានដែរ។ ខ្ញុំមិនបានបំភ័យកីឡាករខ្ញុំទេ តែធ្វើឲ្យកីឡាករម្នាក់ៗកាន់តែមានភាពយកចិត្តទុកដាក់ និងពង្រឹងស្មារតីក្នុងការប្រកួតជាមួយកម្ពុជា»

ដោយឡែកលោក Felix G.Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានទទួលស្គាល់ថា ការប្រកួតជាមួយអ៊ីរ៉ាក់ គឺជាការប្រកួតដ៏ធំ ព្រោះអ៊ីរ៉ាក់ ក៏ជាក្រុមខ្លាំងមួយនៅអាស៊ីដែរ។ តែយ៉ាងណាលោកបានប្រាប់កូនក្រុម ត្រូវបង្ហាញនូវអ្វីដែលខ្លួនមាន ដើម្បីបង្ហាញឲ្យអ្នកគាំទ្របានឃើញពីការវិវត្តន៍របស់ខ្លួន ពោលគឺលេងដោយជឿជាក់ និងមានទំនុកចិត្ត ដើម្បីសម្រេចផែនការអភិវឌ្ឍន៍បាល់ទាត់កម្ពុជាឲ្យរីកចម្រើននាថ្ងៃអនាគត។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បច្ចុប្បន្នទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ជាមួយលទ្ធផល ៣ប្រកួត ស្មើ១ និងចាញ់ ២ (ស្មើហុងកុង ១-១, ចាញ់ប៉ារ៉ែន ១-០ និងចាញ់អ៊ីរ៉ង់ ១៤-០)។ ចំណែកក្រុមអ៊ីរ៉ាក់ កំពុងកាន់ ៤ពិន្ទុក្នុងដៃ តែទើបឆ្លងកាត់ ២ប្រកួតប៉ុណ្ណោះ ដោយស្មើបារ៉ែន ១-១ និងឈ្នះហុងកុង ២-០។ ចំពោះការប្រកួតល្ងាចនេះដែរ ក៏នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV–News ទៀតផង៕