(បាសេឡូណា)៖ សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់ Catalan បានសម្រេចព្យួរការប្រកួតទាំងអស់នៅតំបន់នេះ នៅក្រោយពេលមេដឹកនាំមានដល់ទៅ ៩រូប ត្រូវបានតុលាការនៃប្រទេសអេស្ប៉ាញកាត់ទោលឲ្យជាប់ពន្ធនាគាររួចមកនោះ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

តាមរយៈសារព័ត៌មាន BBC ដែលបានធ្វើការដកស្រង់សេចក្តីថ្លែងការណ៍របស់សហព័ន្ធ Catalan បានបញ្ជាក់ថា «ការព្យួរការប្រកួតបាល់ទាត់ជាលក្ខណៈក្រៅសាល និងក្នុង​សាលទាំងអស់នៅទីនេះ គឺដើម្បីបង្ហាញពីការចូលរួមចែករំលែក ក៏ដូចជាប្រឆាំងទៅនឹងរដ្ឋាភិបាលអេស្ប៉ាញ ដែលសម្រេចឃុំខ្លួនមេដឹកនាំ Catalan ដាក់ពន្ធនាគារទាំង ៩នាក់ នាពេលថ្មីនេះ»

តែយ៉ាងណាក៏ដោយ សហព័ន្ធខាងលើនេះ មិនរួមបញ្ចូលទាំងក្លឹបលេងនៅក្របខណ្ឌកំពូល La Liga និងក្រុមជម្រើសជាតិគោជល់អេស្ប៉ាញនោះឡើយ។

គួររំលឹកផងដែរថា Catalan ជាតំបន់ដ៏មានសក្តានុពលទី២ ដែលស្ថិតនៅភាគឥសាន (North-east) របស់អេស្ប៉ាញ ដែលមាន Barcelona ជាទីក្រុងធំផងនោះ បានព្យាយាមផ្តាច់ខ្លួនធ្វើជារដ្ឋឯករាជ្យកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ តាមរយៈការធ្វើប្រជាមតិដោយខុសច្បាប់នៃរដ្ឋធម្មនុញ្ញអេស្ប៉ាញ តាមរយៈសំឡេងគាំទ្រ ៩០ភាគរយ (ផ្តាច់ខ្លួន) និងមានតែ ៤៣% (មិនផ្តាច់ខ្លួន) ប៉ុណ្ណោះ មុនឈានដល់ការចាប់ខ្លួនមន្រ្តីសំខាន់ ៩នាក់នៅទីនេះដាក់ពន្ធនាគារថែមទៀតនោះ។

ករណីខាងលើនេះ កាលខែមីនា ឆ្នាំ២០១៨ កន្លងទៅ Pep Guardiola អ្នកចាត់ការទូទៅនៃក្លឹបអង់គ្លេស Manchester City ក៏ត្រូវបាន FA ពិន័យ ដោយសារពាក់ស្លាកសញ្ញាពណ៌លឿង ដែលជារូបទង់ជាតិប្រចាំតំបន់ Catalan ក្នុងការគាំទ្រផ្តាច់ខ្លួនចេញពីអេស្ប៉ាញផងដែរ៕