(ភ្នំពេញ)៖ តារាកូរ៉េស្រីកញ្ញា Sulli ដែលជាអតីតសមាជិកក្រុម Fx ត្រូវបានអ្នកគ្រប់គ្រង រកឃើញសាកសពរបស់នាងក្នុងផ្ទះ។ ដោយមូលហេតុនៃការស្លាប់ គឺត្រូវបាន​ប៉ូលីសរាយការណ៍ថា ដោយការធ្វើអត្តឃាតខ្លួនឯង។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីព័ត៌មាន Koreaboo ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

បើតាមមន្រ្តីប៉ូលីសនៅតំបន់ Seongnam Sujeong នៅថ្ងៃទី១៤នេះ បានឲ្យដឹងថា សាកសពរបស់តារាស្រី Sulli ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់នាងក្នុងតំបន់ Sujeong-gu, Seongnam-si។ សាកសពរបស់នាងត្រូវបានរកឃើញ ដោយអ្នកគ្រប់គ្រងរបស់នាង នៅវេលាម៉ោង ៣៖២១ នាទីម៉ោងនៅកូរ៉េ។

យ៉ាងណាមិញ​ ចំពោះមូលហេតុនៃការស្លាប់របស់តារាកូរ៉េរូបនេះ ត្រូវបានប៉ូលីសអះអាងថា ដោយការធ្វើអត្តឃាតខ្លួនឯង ព្រោះ Sulli បានធ្លាក់ក្នុងជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។ តែយ៉ាងណា មិនមានព័ត៌មានអ្វីបន្ថែមពីក្រុមគ្រួសារ និងភ្នាក់ងាររបស់នាងគឺ​ SM Entertainment ឡើយ។

ប៉ូលីសបន្តថា Sulli ធ្វើអត្តឃាតខ្លួនឯង តាមរយៈការចងកសម្លាប់ខ្លួន ក្នុងផ្ទះរបស់នាង​ពីជាន់ទី២។

គួរជម្រាបថា Sulli គឺជាអតីតសមាជិកក្រុម Fx របស់ SM Entertainment កាលពីឆ្នាំ២០០៩។ តែយ៉ាងណា ក្នុងឆ្នាំ២០១៤ នាងបានចាកចេញពីក្រុមនេះ ដើម្បីមកធ្វើជាតារាសម្តែងវិញម្តង៕