(កូរ៉េ)៖ តារាកូរ៉េស្រីកញ្ញា Sulli ដែលជាអតីតសមាជិកក្រុម Fx បានស្លាប់ដោយមិនដឹងមូលហេតុ នៅក្នុងផ្ទះរបស់នាង។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីព័ត៌មាន SBS News ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។

បើតាមមន្រ្តីប៉ូលីសនៅតំបន់ Seongnam Sujeong នៅថ្ងៃទី១៤នេះ ​បានឲ្យដឹងថា សាកសពរបស់តារាស្រី Sulli ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់នាងក្នុងតំបន់ Sujeong-gu, Seongnam-si។ សាកសពរបស់នាងត្រូវបានរកឃើញ ដោយអ្នកគ្រប់គ្រងរបស់នាង នៅវេលាម៉ោង ៣៖២១ នាទីម៉ោងនៅកូរ៉េ។

ពាក់ព័ន្ធនឹងករណីនេះ ប៉ូលីសកំពុងស៉ើបអង្កេត នូវភស្តុតាងនានាដែល Sulli បានបន្សល់ទុក។ តែយ៉ាងណាភ្នាក់ងាររបស់នាងគឺ SM Entertainment មិនទាន់ធ្វើការឆ្លើយតបនៅឡើយទេ។

គួរជម្រាបថា Sulli គឺជាអតីតសមាជិកក្រុម Fx របស់ SM Entertainment កាលពីឆ្នាំ២០០៩។ តែយ៉ាងណា ក្នុងឆ្នាំ២០១៤ នាងបានចាកចេញពីក្រុមនេះ ដើម្បីមកធ្វើជាតារាសម្តែងវិញម្តង៕