​(ភ្នំពេញ)៖ គ្រួសារកវីស្ទឹងសង្កែលោក គង្គ ប៊ុនឈឿន បាន​​ផ្ទុះប្រតិកម្មភ្លាមៗ ឆ្លើយតបនឹងការមិនពេញចិត្ត បន្ទាប់ពី​តារាចម្រៀង សោភា ទេព ​បានចេញបទចម្រៀងមួយមានចំណងជើង «ស្ពានអូតាគី» ជា Version ស្រី ដោយបានកែប៉ារ៉ូលពីបងមកអូន និងកែប៉ារ៉ូលពីកម្មកររថភ្លើងកម្សត់ មកជាកម្មកររោងចក្រកម្សត់វិញ ​ប៉ុន្តែតារាចម្រៀង សោភា ទេពី បានទទួលសុំទោសនឹងថា និងសុំកុំឲ្យគ្រួសារម្ចាស់បទ ចាប់ទោសអូសដំំណើរលើរូបនាងអី។

តារាចម្រៀងបែបស្រគត់ស្រគំ សោភា ទេពី បានថ្លែងបញ្ជាក់ថា ផ្អែកតាមប្រតិកម្មរបស់គ្រួសារលោក គង្គា ប៊ុនឈឿន អត់សប្បាយចិត្ត តែការកែ​ពាក្យពី «កម្មកររថភ្លើងកម្សត់» ទៅជា «កម្មកររោងចក្រកម្សត់» ប៉ុណ្ណោះ ចំណែកការកែប៉ារ៉ូលពី «បង» មក «អូន» ក្នុងការ Cover បទ «ស្ពានអូតាគី» នោះ គឺមិនជាអ្វីទេ។ កញ្ញាថា​ហេតុផលនៃការកែប៉ារ៉ូលពីពាក្យរថភ្លើង មកជាពាក្យរោងចក្រវិញនោះ ​នាង និងអ្នកផលិតបទថ្មី មិនមានបំណងអាក្រក់ទេ គឺគ្រាន់តែចង់ឲ្យបទនោះ មានន័យ​ឆ្លើយតបទៅនឹងបទប្រុស ហើយមកពីនារីកម្រប្រឡូកជាកម្មកររថភ្លើងណាស់ ទើបប្ដូរជាកម្មកររោងចក្រវិញ ដើម្បីឲ្យត្រូវនឹងបរិបទបទស្រីក្នុងសម័យនេះ។

ស្រីស្រស់ សោភា ទេពី បន្តថា ការបកស្រាយបទនេះ ជាបទស្រី មានហេតុផលតែមួយគត់ គឺចង់ឲ្យបទនេះ ស្រីអាចច្រៀងបាន ហើយ​ក៏ចង់ពញ្ញាក់អារម្មណ៍ ឲ្យបន្តគាំទ្របទនេះ កុំឲ្យបាត់បង់។​ នាង និងក្រុមផលិត មិនមានបំណងមាក់ងាយដល់ស្នាដៃរបស់លោក គង្គា ប៊ុនឈឿន ទេ ផ្ទុយទៅវិញ គឺបណ្ដាលមកពីនាងស្រឡាញ់បទនេះ ហើយចង់ Cover ឲ្យមានន័យជាបទស្រី ទើបប្ដូរពីពាក្យថា «កម្មកររថភ្លើង» មកជា «កម្មកររោងចក្រ»​។ សោភា ទេពី ទទូចសុំការយោគយល់ និងសុំទោសដល់គ្រួសារម្ចាស់ស្នាដៃ ដោយនាងបញ្ជាក់ថា ការផ្លាស់ប្ដូរប៉ារ៉ូល ក៏ដើម្បីឲ្យក្លាយជាបទស្រីអាចបកស្រាយបានប៉ុណ្ណោះ។

ការឆ្លើយតបរបស់ សោភា ទេពី គឺបន្ទាប់ពីម្ចាស់អាក់ខោនហ្វេសប៊ុកឈ្មោះថា «គង្គ ប៊ុនឈឿន Kong Bunchhoeun» បានសរសេរបង្ហោះ កាលពីថ្ងៃទី១៣ ខែតុលានេះថា «បទ​ស្ពានអូតាគីស្រី យកមកច្រៀង កែលំនាំខ្លះៗ បំណងប្រាថ្នារបស់អ្នកនិពន្ធ ដែលខិតខំបញ្ចេញពាក្យពេចន៍ ទំរាំបានទទួលស្នាដៃជិតកន្លះជិវិត​ ហេតុអីក៏បច្ចុបន្យនេះត្រូវគេរំលាយ ប្ដូរ​ យកទៅធ្វើទុន​ យ៉ាងចំអក ដែលបកមកឲ្យម្ចាស់ស្នាដៃវិញ​ ពួកអ្នកមើលងាយចុះ​ ព្រោះយាយខ្ញុំគ្មានសមត្ថភាពថែររក្សា​បទនេះ សិទ្ធក៏មានហើយ​ៗនឹងគឹតយ៉ាងណា​ លើកមុនគ្រាន់បានម៉ាផ្អើល រួចក៏ស្ងាត់ហួសទៅ ដោយមិនបានជួបមុខពួកគាត់ផង ​តើត្រង់ណាជាក្តីសង្ឃឹម​? ​ចង់អង្វរថា ជួយផង! កុំឲ្យមនុស្សចាស់នេះមិនបានផល ហើយអស់លុយចុះឡើង ព្រោះតែរក្សាសិទ្ធិនេះ សង្ឃឹមលើបងប្អូនគាំទ្រ នឹងជួយរក្សា ​អរគុណរួមទាំងអស់គ្នា»