(ភ្នំពេញ)៖ បើទស្សនិកជននៅចាំមិនភ្លេច តារាសម្តែងស្រីល្បីឈ្មោះ អ្នកនាង ស៊ុំ សុម៉ាលី បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជិត ៥ឆ្នាំមកហើយ ក្រោយពីផ្ទុះរឿងរ៉ាវប្រេះឆាស្នេហ៍ជាមួយនឹងស្វាមី។ យ៉ាងណាមិញ នៅពាក់កណ្តាលឆ្នាំ២០១៩នេះ នាងបានលេចមុខជាថ្មី ក្នុងសិល្បៈ ជាមួយនឹងការក្តោបបានតំណែងតួឯកស្រីក្នុងរឿងមួយ របស់ផលិតកកម្មមហាហង្ស។ យ៉ាងណាមិញ ងាកមកជីវិតគ្រួសារវិញ តារាស្រីរូបនេះ ហាក់មិនទាន់ដាច់ស្រឡះនៅឡើយទេ ពោលគឺមិនទាន់ចប់សព្វគ្រប់ជាមួយស្វាមីនោះទេ ដោយថ្មីៗនេះនាងស្រាប់តែបង្ហូរទឹកនេត្រា នៅចំពោះមុខអ្នកកាសែត បន្ទាប់ពីនិយាយរឿងកូនស្រី គ្មានឪពុកហៅនឹងគេ។

ពិតណាស់ តារាសម្តែងល្បីឈ្មោះកាលពីប៉ុន្មានឆ្នាំមុន តាមរយៈរឿង «អ្នកនាងម្ចាស់ឡឺកឺ» អ្នកនាង ស៊ុំ សុម៉ាលី បានប្រាប់ Fresh News ថាសម្រាប់ពាក់កណ្តាលឆ្នាំ២០១៩នេះ នាងបានវិលមកវិស័យសិល្បៈជាថ្មីហើយ បន្ទាប់ពីបាត់មុខអស់រយៈពេលជិត៥ឆ្នាំ។ នាងត្រូវបានផលិតកម្មមហាហង្ស ផ្តល់ឱកាសឲ្យសម្តែងជាតួឯកស្រីក្នុងរឿង «ឯកកោ» ដែលបច្ចុប្បន្នកំពុងដំណើរការថត។ ការវិលមករកសិល្បៈឡើងវិញ ជាមួយនឹងការក្តោបបានតំណែងជាតួឯកពេលនេះ ត្រូវបានអ្នកតាមដានវិស័យសិល្បៈលើកឡើងថា ជាផ្លូវថ្មីមួយចំពោះ ស៊ុំ សុម៉ាលី ក្នុងការផ្សព្វផ្សាយប្រជាប្រិយភាពរបស់ខ្លួនឡើងវិញ ក្រោយពីបាត់មុខមួយរយៈធំ។

ជាមួយគ្នានេះ ស៊ុំ សុម៉ាលី បានបង្ហាញពីក្តីសង្ឃឹមថា នឹងមានទស្សនិកជនបន្តគាំទ្រច្រើនដូចមុន ជាពិសេសសម្រាប់នាងផ្ទាល់ នឹងព្យាយាមសម្តែងឲ្យកាន់តែល្អ​ សម្រាប់ជាចំណីចក្ខុទស្សនិកជន សម្រាប់ការបើកឆាកឡើងវិញក្នុងវិស័យសិល្បៈ។

យ៉ាងណាមិញ ងាកមករឿងរ៉ាវគ្រួសារវិញ ស៊ុំ សុម៉ាលី ហាក់មិនទាន់ដាច់ស្រឡះឡើយ។ និយាយដល់រឿងនេះ សុម៉ាលី ស្រាប់តែបង្ហូរទឹកភ្នែកមួយរំពេច ជាមួយនឹងការនិយាយទាំងអួលដើមកថា «សព្វថ្ងៃនេះ ខ្ញុំនឹងស្វាមី បានបែកផ្លូវគ្នា និងរស់នៅរៀងខ្លួន ហើយភាគីទាំងសងខាង គឺស្ងប់ស្ងាត់រៀងៗខ្លួនហើយ ខណៈកូនស្រីគឺនៅជាមួយនាងខ្ញុំ។ បើនិយាយទៅរឿងកើតឡើង ដោយសារតែខ្ញុំស្រឡាញ់ប្តីពេក ហើយប្តីខ្ញុំក៏មិនបានធ្វើអ្វីខុសធ្ងន់ធ្ងរដែរ»

នាងបន្តថា «សព្វថ្ងៃនេះ ដោយសារពួកយើងមានអេតាស៊ីវិល អុីចឹងហើយនៅមិនទាន់ដាច់ស្រឡះទេ ពោលគ្រាន់តែថា សព្វថ្ងៃនៅស្ងាត់ៗរៀងខ្លួន។ តែបើនិយាយដល់កូនស្រី​ គឺខ្ញុំអាណិតគាត់ថា ព្រោះគាត់តែងតែសួររកប៉ាៗ សួរប៉ានៅឯណាជាដើម...»

គួរជម្រាបថា សម្រាប់ទំនាក់ទំនងនាងនិងស្វាមីនៅថ្ងៃខាងមុខទៀតយ៉ាងណានោះ ស៊ុំ សុម៉ាលី នៅមិនទាន់ហ៊ានបញ្ជាក់នៅឡើយទេ គ្រាន់តែនិយាយពាក្យមួយឃ្លាថា «គ្រប់យ៉ាងមកពីអាណិតកូន»៕