(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអុីរ៉ាក់ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី១៥ ខែតុលាស្អែកនេះ ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២-តំបន់អាស៊ី នៅពហុកីឡដ្ឋានជាតិ ។ ប៉ុន្ដែអាជ្ញាកណ្ដាលជនជាតិជប៉ុន ៤រូប ដែលត្រៀមចូលរួមកាត់សេចក្ដីការប្រកួតនេះ ត្រូវបានផ្លាស់ប្ដូរភ្លាមៗ បន្ទាប់ពីមានព្យុះទីហ្វុង(Hagibis)ដ៏កំណាច បានវាយប្រហារលើប្រទេសជប៉ុន កាលពីថ្មីៗ ។

មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបថា តាមគម្រោងការប្រកួតនេះ ត្រូវមានអាជ្ញាកណ្ដាលជនជាតិជប៉ុន ៤រូប ចូលរួមកាត់សេចក្ដីលើទីលាន តែដោយសារប្រទេសជប៉ុន បានរងការវាយប្រហារដោយព្យុះទីហ្វុង(Hagibis) ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ រងរបួស និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន ខណៈជើងហោះហើរជាច្រើន ត្រូវលុបចោលនោះ គណៈកម្មការរៀបចំការប្រកួត ក៏សម្រេចផ្លាស់ប្ដូរអាជ្ញាកណ្ដាលតែម្ដង ។

ប្រភពខាងលើបានបញ្ជាក់ ដោយសូមមិនបញ្ចេញឈ្មោះអាជ្ញាកណ្ដាលថា អាជ្ញាកណ្ដាលថ្មី ដែលត្រូវមកកាត់សេចក្ដីលើទីលានពហុកីឡដ្ឋានជាតិ ជំនួសអាជ្ញាកណ្ដាលជនជាតិជប៉ុននោះ គឺមានអាជ្ញាកណ្ដាលជនជាតិហ្វីលីពីន ៣នាក់ និងម៉ាឡេស៊ីម្នាក់ ដែលបានធ្វើដំណើរមកដល់កម្ពុជា កាលពីម្សិលមិញ ដើម្បីត្រៀមចូលរួមបំពេញភារកិច្ចរបស់ខ្លួន ក្នុងជំនួបរវាងក្រុមគោព្រៃកម្ពុជា និងក្រុមអុីរ៉ាក់ នាល្ងាចថ្ងៃអង្គារស្អែកនេះ ។

គួរដឹងថា ការប៉ះអុីរ៉ាក់ស្អែកនេះ គឺជាប្រកួតទី៤ របស់ក្រុមគោព្រៃកម្ពុជា ខណៈ ៣ប្រកួតមុន បានបញ្ចប់ជាមួយលទ្ធផលស្មើហុងកុង ១-១, ចាញ់បារ៉ែន ១-០ និងចាញ់អុីរ៉ង់ ១៤-០ មាន ១ពិន្ទុឈរបាតតារាងបណ្ដោះអាសន្ន គ្រាដែលអុីរ៉ាក់ កំពុងឈរលេខ ២ បន្ទាប់ពីឆ្លងកាត់ ២ប្រកួត ស្នើបារ៉ែន ១-១ និងកាលពីថ្ងៃទី១០-តុលាកន្លងទៅ ពួកគេបានយកឈ្នះហុងកុង ២-០ ៕