(ភ្នំពេញ)៖ កំពូលតារាសម្ដែងដ៏ល្បីរបស់ប្រទេសថៃ លោក Boy Pakorn បានសម្ដែងអារម្មណ៍សោកស្ដាយខ្លាំង ខណៈដែលខ្លួនបានមកកាន់ប្រទេសកម្ពុជា ចំនួន​៣លើកមកហើយ ប៉ុន្តែពុំមានឱកាសបានដើរលេងកម្សាន្ត តាមតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជា ដើម្បីបានគយគន់ទិដ្ឋភាពជាច្រើន ដែលមានយ៉ាងសំបូរបែប និងស្រស់ស្អាតផងដែរ។ ​មូលហេតុដែលមិនបានដើរកម្សាន្ត ត្រូវបានលោក Boy Pakorn បញ្ជាកថា លោកជាប់បំពេញភារកិច្ចការងារ ហើយពេលលោកធ្វើដំណើរមកពេលព្រឹក គឺទៅវិញពេលល្ងាច ខណៈដែលដំណើរមកម្ពុជាលើកនេះ ក៏មិនខុសពីលើកមុនៗ ព្រោះសម្រាកតែមួយយប់ ក៏ត្រឡប់ទៅប្រទេសថៃវិញ នៅពេលព្រឹក។

វត្តមានមកកាន់ប្រទេសកម្ពុជា ជាលើកទី៣ របស់កំពូលតារាសម្ដែងថៃល្បីល្បាញ លោក Boy Pakorn នៅតែធ្វើឲ្យមានការចាប់អារម្មណ៍ ក្នុងថ្ងៃបញ្ចប់នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៌គ្រឿងពេជ្រ Chateau Des Gems កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០១៩។ គ្រាន់តែលោកដើរបង្ហាញម៉ូដ និងបកស្រាយបទចម្រៀងមួយបទ មិនត្រឹមតែយុវវ័យជាហ្វេនៗប៉ុណ្ណោះទេ ដែលស្រវាស្រទេញចាប់ដៃចាប់ជើងលោកសុំថតរូប សូម្បីតែភ្ញៀវកិត្តិយសវ័យកណ្ដាលៗ ក៏ចាប់អោបលោកដោយក្ដីស្រឡាញ់ និងគាំទ្រតារារូបនេះមិនណយដែរ។

​លោក Boy Pakorn បានបញ្ជាក់ថា ធៀបនឹងដំណើរមកកាន់កម្ពុជា កាលពីពីរលើកមុន លោកថាលើកនេះ មានអារម្មណ៍រំភើបជាង ដោយសារតែបានបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ពិព័រណ៌គ្រឿងពេជ្រធំនៅកម្ពុជា។​ គ្រឿងពេជ្រ Chateau Des Gems នៅក្នុងប្រទេសថៃ មានការទទួលស្គាល់យ៉ាងខ្លាំង ដោយលោកក៏ជាហ្វេនយ៉ាងជាប់ចិត្តម្នាក់ដែរ។

អ្នកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានថ្លែងបញ្ជាក់ថា ពិធីបញ្ចប់ពិព័រណ៌លើកទី៦របស់ហាង Chateau Des Gems នៅរាជធានីភ្នំពេញ អ្នកស្រីបានសម្រេចចិត្តអញ្ជើញតារាថៃលោក Boy Pakorn អមដោយវត្តមានតារាល្បីៗកម្ពុជា ដូចជាអ្នកនាង យុគ ចិន្តា និងតារាម៉ូដែលល្បីៗជាច្រើនរូប ដូចជាកញ្ញា ម៉ាក សែន​សូនីតា ឲ្យបង្ហាញខ្លួន។ អ្នកស្រីអញ្ជើញលោក Boy Pakorn មកកម្មវិធីនេះក៏ដោយសារតែនៅក្នុងប្រទេសថៃ ក្រុមហ៊ុនពេជ្រ Chateau Des Gems ដែលមានទីតាំងនៅផ្សារ Icon Siam តារាថៃរូបនេះ ក៏ជាអ្នកតំណាងមួយរូបផងដែរ។

អ្នកស្រីបន្តថា សប្បាយចិត្ត​ខ្លាំង ដែលវត្តមានតារាថៃ លោក Boy Pakorn ទទួលបានការគាំទ្រខ្លាំងពីបណ្ដាភ្ញៀវកិត្តយសនៅក្នុងកម្មវិធី។​ ពិធីតាំងពិព័រណ៌របស់ហាងពេជ្រ Chateau Des Gems ដែលដំណើរការយ៉ាងជោគជ័យ ទាំង២ថ្ងៃនៅភ្នំពេញនេះ មិនខុសពីបង្ហាញពីសន្ទុះរីកចំរើន នៃទីផ្សារពេជ្រនៅកម្ពុជានោះទេ ដោយសារតែក្នុងពិព័រណ៌ទាំងមូល Chateau Des Gems បានច្នៃឈុតដែលជាម៉ូដតែមួយៗ លើលោកជាច្រើនឈុត ដោយមានទាំងឈុតតម្លៃជាងកន្លះលានដុល្លារ និងតម្លៃកប់ពពកជាច្រើនទៀត មិនអន់ជាងទីផ្សារពេជ្រនៅក្រៅប្រទេសឡើយ៕