(ភ្នំពេញ)៖ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» តារាចម្រៀងស្រីដែលត្រូវបាន Director កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដាក់រហស្សនាមថា «ផ្ការីកបាំងស្លឹក» គឺអ្នកនាង គង់ ស្រីរ័ត្ន បានឱ្យដឹងថា អ្នកនាងចូលក្នុងវិស័យសិល្បៈអស់រយៈពេលជិត ១៥ឆ្នាំមកហើយ តែមិនមាន ឱកាសធ្វើឱ្យខ្លួនល្បីល្បាញឡើយ ព្រោះបច្ចុប្បន្នត្រឹមតែជាអ្នកចម្រៀងតាមហាងតែប៉ុណ្ណោះ។

ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» អ្នកនាងគង់ ស្រីរ័ត្ន បាននិយាយថា អ្នកនាងបានប្រឡូងក្នុងវិស័យចម្រៀងអស់រយៈពេលជិត១៥ឆ្នាំមកហើយ។ ក្នុង១៥ឆ្នាំមកនេះ មានបទពិសោធន៍ និងរឿងរ៉ាងជូរចត់ជាច្រើន ដែលបានឆ្លងកាត់។ ដោយក្នុងនោះអ្នកនាង បានតស៊ូនូវរឿងលំបាកជាច្រើនក្នុងវិស័យសិល្បៈ ព្រោះធ្លាប់បានដាក់ពាក្យប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀងជាច្រើន ដើម្បីសម្រេចក្តីស្រម៉ៃ ចង់ក្លាយជាតារាចម្រៀងក្នុងផលិតកម្ម និងដើម្បីទទួលបានប្រជាប្រិយភាព តែលិទ្ធផលហាក់មិនសមបំណងឡើយ។ ព្រោះតែស្រឡាញ់សិល្បៈ អ្នកនាងធ្លាប់បានចូលប្រឡងក្នុងកម្មវិធី Rock Star, កម្មវិធី យុវតារា និងកម្មវិធី Cambodian Idol រដូវកាលទី២ ជាដើម តែមិនបានទទួលជោគជ័យឡើយ។

អ្នកនាង គង់ ស្រីរ័ត្ន បានទម្លាយថា មូលហេតុដែលមិនទទួលជោគជ័យ ក្នុងការប្រឡងកន្លងមកអាចប្រហែលមកពីសមត្ថភាពមិនដល់ ឬគ្មានខ្សែបក្ខពួកជាដើម។ តែយ៉ាងណា ហាក់មិនមែនជាបញ្ហាសម្រាប់អ្នកនាងឡើយ ព្រោះបច្ចុប្បន្នកំពុងធ្វើជាតារាចម្រៀងក្នុងហាងជាច្រើនកន្លែង។ ទោះបែបនេះក្តី មកទល់នឹងបច្ចុប្បន្នអ្នកនាង គង់ ស្រីរ័ត្ន នៅតែចិញ្ចឹមចិត្តចង់ក្លាយជាតារាចម្រៀង ដែលមានទស្សនិជនស្គាល់ច្រើន ជាពិសេសសង្ឃឹមថានឹងមានឱកាសចូលសម្តែងភាពយន្តតែម្តង។

បន្ថែមពីនេះ ក្រៅពីការងារសិល្បៈអ្នកនាង គង់ ស្រីរ័ត្ន បានឲ្យដឹកថាអ្នកនាងបានបើកហាងសាឡនមួយកន្លែង មានរយៈពេលជិត១៥ឆ្នាំដែរ ដោយបច្ចុប្បន្នដំណើរការបានរលូន និងមានការគាំទ្រច្រើនពីសំណាក់អតិថិជន។ អ្នកនាង បានបង្ហាញក្តីសង្ឃឹមថា នៅថ្ងៃខាងមុខនឹងមានឱកាសចូលសម្តែងភាពយន្ត ហើយរីករាយជានិច្ចប្រសិនបើផលិតករផ្តល់ឱកាសឲ្យ។ អ្នកនាងបង្ហើបថា កន្លងមកពីទៅសាកល្បងសម្តែង ផលិតករតម្រូវឲ្យដើរតួស្លូតបូត តែមិនថ្វីទេទោះតួអង្គអ្វីដ៏អ្នកនាងព្យាយាមសម្តែងបានដែរ ប្រសិនបើមានឱកាស៕